ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកALPHARDមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបងសាលាវិទ្យាល័យបឹងត្របែកបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីង កាលពីវេលាម៉ោង ១២:៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវ៤៨៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកALPHARDពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CK-1599បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកនិងរបងសាលាវិទ្យាល័យបឹងត្របែករងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខ ហើយភ្លាមនោះដែរអ្នកបើកបរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ










