ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានបឋម ! ពីខេត្តពោធិ៍សាត់ មានការប៉ះគ្នារវាងអង្គការការពារព្រៃឈើ «វាយអេត» ជាមួយមន្ត្រីខេត្ត ពាក់ព័ន្ធឈើមួយឡានធំ។ អង្គការថា ឈើមិនមានច្បាប់ និងប្រភព តែមន្ត្រីខេត្តថា ជាឈើរបស់សាលាខេត្ត។
មុនដំបូងមានព័ត៌មានថា ៖ គណៈបញ្ជាការឯកភាពខេត្ត និងខាងបរិស្ថាន បញ្ជូនកងកម្លាំងទៅរំដោះឈើ ពីមន្ត្រីអង្គការដែលបានឃាត់។ ក្រៅពីបញ្ជូនកងកម្លាំងរំដោះឈើហើយនោះ មន្ត្រីសាលាខេត្តបោះសម្តីចាប់ខ្លួនមន្ត្រីអង្គការដែលចាប់ឈើនោះថែមទៀត។ នេះបើយោងតាមលើបណ្តាញសង្គម មានគណនីឈ្មោះ Meong Vanny ជាមួយ Facebook ផ្សេងទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត មិនអាចធ្វើការទំនាក់ទំនងបាននៅឡើយទេ ពីខាងអង្គការ ខាងមន្ត្រីសាលាខេត្ត នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ប៉ុន្តែសង្ឃឹមថា រដ្ឋបាលខេត្តពោធិ៍សាត់ អាចនឹងធ្វើការបំភ្លឺក្នុងរឿងនេះ ដើម្បីឲ្យសាធារណៈជនបានយល់ជ្រាបជាព័ត៌មាន ។
សូមបញ្ជាក់ថា ៖ ក្រោយមកនៅវេលាម៉ោង៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានបញ្ជាក់យ៉ាងដូច្នេះថា, ឈើនេះជាវត្ថុតាងចាប់យក ដែលក្រុមការងាររបស់គណៈបញ្ជាការឯកភាពខេត្ត ត្រូវយកមកដើម្បីប្រើប្រាស់បម្រើឲ្យផលប្រយោជន៍ នៅសាលាខេត្ត។ និយាយរួមវត្ថុតាងទាំងនេះគឺយកមករក្សាទុកជាសម្បត្តិរដ្ឋ។ លោកបានបន្តថា ៖ ឈើទាំងនេះប្រមូលពីបទល្មើស ចាប់យកដើម្បីធ្វើការជួសជុលសាលប្រជុំសាលាខេត្ត រៀបចំជារចនាបទបុរាណជាដើម។ ក្នុងនោះជួសជុល អគារបេតិកភណ្ឌវប្បធម៌របស់ខេត្ត ដែលចាស់ទ្រុឌទ្រោម ក្នុងគោលបំណងដើម្បីរក្សាទុកនូវវប្បធម៌ជាតិ និង ផ្សព្វផ្សាយជាផលប្រយោជន៍ជាតិនិងសាធារណៈរបស់ជាតិ ។
ដូច្នេះគណៈបញ្ជាការឯកភាពខេត្ត រឹបអូស ចាប់យក តែភស្តុតាងបទល្មើសទេ មិនមែនដូចអង្គការលើកឡើងថាកម្លាំងទៅរំដោះនោះឡើយ។
លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា , តាមពិតគណៈបញ្ជាការឯកភាពខេត្ត និងខាងមន្ទីរបរិស្ថាន បានរឹបអូសចាប់យក ឈើជាវត្ថុតាងបទល្មើស ប៉ុន្តែខាងអង្គការ វាយអេត មកឃាត់ ដោយពុំដឹងថា អាជ្ញាធរ និងជំនាញ យកឈើទាំងនោះ ទៅបម្រើឲ្យការជួសជុលសាលាខេត្ត ៕
ដោយ ៖ សិលា












