សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៦១នាក់ ពាក់ព័ន្ធករណី Online Scams និងគ្រឿងញៀននៅអគារខុនដូ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥»

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យនិងបង្ក្រាបនៅទីតាំងអគារខុនដូ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

   ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង, លោក ចើង ជើងគ័ង និងលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។ 

   ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ចំនួន៤២នាក់ , ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scams ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងនិងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជាៈ កុំព្យូទ័រយួរដៃចំនួន ៤៨គ្រឿង ទូរសព្ទដៃចំនួន ៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រចំនួន ៣២គ្រឿង CPU ចំនួន ១០គ្រឿង Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ។

   បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យរួមនឹងវត្ថុតាងទាំងអស់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ជាធរមាន។

...

   សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print