មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីបំភ្លឺព័ត៌មាន ដើម្បីបំភ្លឺព័ត៌មានជុំវិញ ករណីនៃការចុះផ្សាយរបស់អ្នកសារព័ត៌មានលើគេហទំព័រ Facebook មានឈ្មោះ “ប៉ាន ព័ត៌មាន”

ចែករំលែក៖

ខេត្តស្ទឹងត្រែង : មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមយកឱកាសនេះ ដើម្បីបំភ្លឺព័ត៌មានជុំវិញ ករណីនៃការចុះផ្សាយរបស់អ្នកសារព័ត៌មានលើគេហទំព័រ Facebook មានឈ្មោះ “ប៉ាន ព័ត៌មាន” ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអំពីការកាប់ទន្ទ្រានដីព្រៃឈើក្នុងភូមិសាស្ត្រចំណុចអូរកំបោរ ភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ដែលមានដូចតទៅនេះ ៖

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវ គោលការណ៍បន្ទាន់ដល់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ និងអនុវត្តវិធានការតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការពារថែរក្សាធនធាន ធម្មជាតិ ការបង្ក្រាបបទល្មើសទាន់ពេលវេលា មានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍សង្គមជាតិ។

ក្នុងការអនុវត្តវិធានការនេះ ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានសហការអនុវត្ត និងរកឃើញករណីមួយចំនួនដូចខាងក្រោម៖

១-មានការឈូសឆាយដីព្រៃ ស្ថិតនៅមូលដ្ឋានក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដែល សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្អែកលើគោលការណ៍។

២-ចំពោះរូបភាពបានចុះផ្សាយដោយអ្នកសារព័ត៌មានក្នុងមូលដ្ឋានខេត្ត ដែលមានគេហទំព័រ ឈ្មោះ “ប៉ាន ព័ត៌មាន” នោះគឺពុំមានជាប់ពាក់ព័ន្ធនឹងដីកំពុងអាស្រ័យផលរបស់បងប្អូន ពលរដ្ឋរស់នៅក្នុងមូលដ្ឋានឡើយ។ សង្ឃឹមថាអ្នកសារព័ត៌មានខាងលើនឹងធ្វើការពិនិត្យចុះផ្សាយ ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល និង នីតិបុគ្គល សម្រាប់រួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយវិស័យព័ត៌មានក្នុងសង្គម។

៣-ដោយឡែកករណីបទល្មើសសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយដីព្រៃនៅក្នុងភូមិសាស្ត្រ នៃដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង ទាំងនៅទីតាំងខាងលើ និងទីតាំងផ្សេងទៀតបើមាន សមត្ថកិច្ច ជំនាញនឹងបន្តធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ស្របតាមនីតិវិធីជាធរមាន ក្នុងករណីរកឃើញថា ជាបទល្មើសជាក់ស្តែង និងពិតប្រាកដ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានរួមគ្នាការពារធនធានធម្មជាតិ ឱ្យបានគង់វង្ស និងបញ្ចៀសឱ្យបានចំពោះសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបទល្មើស។

សេចក្តីដូចបានបំភ្លឺ និងបញ្ជាក់ជូនខាងលើនេះ សូមសាធារណជន អ្នកសារព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ព្រមទាំងផ្នែកពាក់ព័ន្ធ មេត្តាជ្រាបតាមការគួរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print