ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ កាលពីយប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃការពិតដែលកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងស្ថានការណ៍ នៅតាមបណ្តោយព្រំដែន។
ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួន រួមទាំង ទំព័របរទេសខ្លះបានប្រើឈ្មោះជាភាសាខ្មែរ និងបន្លំខ្លួនជាជនជាតិខ្មែរ បានផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លើស និងដកស្រង់ពីប្រភពគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និង បង្កឱ្យមានភាពវឹកវរ។ សកម្មភាពទាំងនេះ បានធ្វើឡើង ក្នុងគោលបំណងទាក់ទាញអ្នកចូលមើល ការចុចចូលចិត្ត និងការចែករំលែក ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងសេចក្ដីជូនដំណឹងដដែល ក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជនជឿជាក់ និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និង អាចផ្ទៀងផ្ទាត់បាន ជាពិសេស ព័ត៌មានដែលផ្សព្វផ្សាយដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធ។
ក្រសួងក៏បានអះអាងថា ចំពោះព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងនឹងធ្វើការផ្តល់ជូននូវព័ត៌មាន ដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និង ផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។
ក្រសួងការពារជាតិ ក៏បានព្រមានផងដែរថា ជនណាដែលមានចេតនាក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬ បង្កភាពវឹកវរ ប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។
ជាមួយគ្នានេះ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ការរីកចម្រើននៃបណ្តាញសង្គម ដែលអាចបង្កើតចំណូលបាន កំពុងជំរុញឱ្យមនុស្សមួយចំនួនយកព័ត៌មានក្លែងក្លាយ ការបំភ័យ និងការបំផ្លាញសង្គម ធ្វើជាមធ្យោបាយរកប្រាក់ចំណេញ ដោយមិនគិតពីផលប៉ះពាល់ដល់ជាតិ និងប្រជាជន។
លោកជំទាវបានបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នចំពោះព័ត៌មាន ដែលមានចំណងជើងបំភ័យ ឬជ្រុលនិយម រូបភាព និងវីដេអូដែលមិនដឹងប្រភព ព្រមទាំងខ្លឹមសារដែលបង្កការភ័យខ្លាច និងបំបែកសាមគ្គីភាពជាតិ។
«មុនចែករំលែក សូមផ្ទៀងផ្ទាត់។ មុនជឿ សូមស្រាវជ្រាវ។ ការពារព័ត៌មានពិត គឺការពារសន្តិភាព និងស្ថិរភាពសង្គម» នេះជាសារក្រើនររម្លឹកបស់អ្នកនាំពាក្យក្រសួងការពារជាតិ៕
ដោយ ៖ សិលា










