ភ្នំពេញ៖ រថយន្តLexus RX350មួយគ្រឿង ដែលបេីកបរដោយបុរសជនជាតិចិនម្នាក់ បានធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ល់ស្ពានអាកាសក្បាលថ្នល់បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅគល់ស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តLexus RX350ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AN-8938 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់បណ្ដាលរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរតៃកុងរថយន្តក៏បានបើកទ្វារគេចេញពីកន្លែងកើតហើយបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ










