ភ្នំពេញ÷មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្បែរស្តុបកោសដូង ខណៈជនជាតិចិនមួយក្រុមមានប្រុសមានស្រី បើករថយន្តអាល់ ផាតមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BB-5018មកឈប់ទិញផ្លែទុរ៉េន ត្រូវបានជនសង្ស័យលួចគាស់ទ្វាររថយន្តយកកាបូបលុយបានសម្រេច ហើយគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង ២០ នាទីយប់ថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវម៉ៅសេទុង ដែលស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុថាមុនពេលកើតហេតុពួកគេបានជិះរថយន្តខាងលើមកឈប់ទិញផ្លែទុរ៉េននៅចំណុចកន្លែងកេីតហេតុខាងលើ លុះពេលទិញរួចក៏ចូលមកក្នុង រថយន្តដើម្បីយកលុយក៏ស្រាប់តែបាត់កាបូបលុយទើបមានការភ្ញាក់ផ្អើលតែម្តង។
ជនរងគ្រោះបានបញ្ជាក់ថាសម្ភារៈបាត់បង់រួមមាន÷លុយកាក់មួយចំនួនអត្តសញ្ញាណប័ណ្ណនិងប៉ាស្ព័រផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់កន្លែងកើតហេតុ រួចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីសមត្ថកិច្ចធ្វើការស្រាវ ជ្រាវដើម្បីតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ÷ សីហា សែនសុខ










