សម្ដេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា​ វាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម នៅក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា «ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច»។

ការវាយតម្លៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លទ្ធផលដ៏ល្អប្រសើរនៃការកែទម្រង់ក៏ត្រូវបានទទួលស្គាល់ និងការកោតសរសើរ និងថ្លែងអំណរគុណជាបន្តបន្ទាប់ពី វិស័យឯកជនក្នុងនាមជាដៃគូសហការផងដែរ ហើយថាគិតមកដល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារបានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត។

បន្ថែមពីនេះ​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើយ៉ាងណាកុំឱ្យមាននីតិវិធីស្មុគស្មាញពេកសម្រាប់ការបង់ពន្ធរបស់អ្នកបង់ពន្ធ ពោលគឺត្រូវធ្វើឱ្យអ្នកបង់ពន្ធពេញចិត្តក្នុង ការបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយត្រូវយកលទ្ធផលជាគោល តាមរយៈការរៀបចំប្រព័ន្ធការងារ និងរៀបចំមនុស្សឱ្យបានល្អ ដើម្បីបម្រើសេវាបង់ពន្ធរបស់អតិជនបានប្រសើរ អាចកាត់បន្ថយពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញបានច្រើន ជាពិសេសអ្នកបង់ពន្ធអាចបង់ពន្ធពីផ្ទះមកក៏បាន ដោយមិនចាំបាច់ត្រូវធ្វើដំណើរមកដល់កន្លែងបង់ពន្ធផ្ទាល់ក៏បាន ព្រោះយើងបានធ្វើការងារបែបឌីជីថល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print