សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានលើកឡើងថា​ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ​។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា​ឆ្នាំ​២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមថា សមិទ្ធផលអគារនេះក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈ ពង្រឹងអភិបា​ល​កិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងចូលរួមគាំទ្រការក​សា​ង​​រដ្ឋាភិបាលឌីជីថល (DigitalGovernment), ការធ្វើទំនើបកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងការិ​យាល័យ​នៃរដ្ឋ​បាលសារពើពន្ធកម្ពុជាឱ្យមានលក្ខណៈ ស្ដង់ដារ ដូចប្រទេសអភិវឌ្ឍន៍មួយចំនួន និងគាំទ្រដល់ការលើ​ក​កម្ពស់សោភ័ណភាព រាជធានីភ្នំពេញ និង ជានិមិត្តរូបនៃ ភាពរីកចម្រើន ជឿនលឿននៃរដ្ឋបាលសារពើពន្ធ​កម្ពុជា ក៏ដូចជាការរីកចម្រើននៃប្រទេសកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ កម្ពុជាសម្រេចបានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ និងជាក់ស្តែងអគារទីស្នាក់ការកណ្តាលថ្មីអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការពេលនេះ គឺតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា​ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជារបៀបវារៈអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ដោយសម្លឹងឆ្ពោះទៅសម្រេច “ចក្ខុវិស័យឆ្នាំ២០៥០”៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print