ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានចុះឆ្មក់បង្រ្កាបបារចំនួន០២ទីតាំង ដែលសង្ស័យមានបង្កប់ការជួញដូរមនុស្ស និងមានក្មេងក្រោមវ័យ១៨ឆ្នាំ ដោយឃាត់បានមនុស្សប្រុសស្រីចំនួន ៣៥នាក់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមមន្រ្តីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ទីតាំងហាងបារបារាំងខាងលើនេះ ត្រូវបានកម្លាំងជំនាញចុះស៊ើបអង្កេតយ៉ាងច្បាស់លាស់ ទើបឈានដល់ការចុះមកបង្រ្កាបជាក់ស្ដែងតែម្ដង។
មន្រ្តីដដែលបន្តថា ក្នុងប្រតិបត្តិការនោះជាលទ្ធផល កំឡុងពេលប្រតិបត្តិការណ៍ នគរបាលជំនាញបានរកឃើញ បារបារាំងចំនួន ០២ទីតាំង ដែលនៅក្បែរគ្នា មានយីហោ «កា ទ្រីត សេមសេម បារ និងកាទ្រីត ប៊ែនស៍ បារ» មានមនុស្សប្រុសស្រីចំនួន ៣៥នាក់ (ប្រុស ០១នាក់) ដែលជាប់ពាក់ព័ន្ធ ឃាត់ខ្លួនតែម្តង ។
ក្រោយប្រតិបត្តិការចប់ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនប្រុសស្រី ៣៥នាក់ (ប្រុស ០១នាក់ )បញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ៖តារា










