ភ្នំពេញ៖ លោក ទូច សុឃៈ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានបន្តលើកយកប្រធានបទ ដកស្រង់ចេញពីប្រកាសលេខ ៨៧៣ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា មកអធិប្បាយបន្ត ដោយក្នុងនោះលោកបានសង្កត់ធ្ងន់លើគោលការណ៍គ្រឹះចំនួន ៧ចំណុច ដែលមន្ត្រីនគរបាលជាតិកម្ពុជាគ្រប់រូប ត្រូវយកចិត្តទុកដាក់អនុវត្តក្នុងការគោរពឋានានុក្រម និងទំនាក់ទំនងការងារឱ្យមានប្រសិទ្ធភាព។ គោលការណ៍ទាំងនោះមានដូចខាងក្រោម៖
ទី១.នៅពេលមកជួបថ្នាក់ដឹកនាំឬមន្ត្រីថ្នាក់លើក្នុងអង្គភាព មន្ត្រីនគរបាលជាតិត្រូវគោះទ្វារ ដើម្បីសុំការអនុញ្ញាតជាមុន។ ពេលបានការអនុញ្ញាតហើយ ទើបអាចចូលបាន។ មន្ត្រីនគរបាលជាតិត្រូវគោរពគំនាប់បើមានមួក និងប្រើកាយវិការប្រុងបើគ្មានមួក។ មន្ត្រីនគរបាលជាតិធ្វើទំនាក់ទំនងគ្នា ដោយប្រើពាក្យតាមគោរមងារនិងឋានន្តរស័ក្តិ។
ទី២.ក្នុងករណីជួបថ្នាក់ដឹកនាំ ដែលមិនមែនជាថ្នាក់ដឹកនាំផ្ទាល់របស់ខ្លួន សាមីខ្លួនត្រូវរាយការណ៍បង្ហាញខ្លួនអំពីឋានន្តរស័ក្តិ ឈ្មោះ អត្តលេខ តួនាទី និងអង្គភាពប្រតិបត្តិការ រួចទើបរាយការណ៍អំពីខ្លឹមសារការងារ។ ពេលរាយការណ៍ចប់ ត្រូវរង់ចាំបញ្ជា និងត្រូវគោរពគំនាប់នៅពេលបញ្ចប់ការទំនាក់ទំនង។
ទី៣. មន្ត្រីនគរបាលជាតិ ដែលមានឋានន្តរស័ក្តិខ្ពស់ជាង ឬមុខតំណែងខ្ពស់ជាង មានសិទ្ធិណែនាំដល់មន្ត្រីនគរបាលជាតិឯទៀត ដែលមានឋានន្តរស័ក្តិទាបជាងខ្លួន ឬមុខតំណែងទាបជាង ដែលបានប្រព្រឹត្តល្មើសនឹងបទវិន័យ ឬក្នុងករណីចាំបាច់ អាចនាំខ្លួនមន្ត្រីនោះមកប្រគល់ឱ្យអង្គភាពមានសមត្ថកិច្ច ឬអង្គភាពសាមី។
ទី៤.ជាគោលការណ៍ មន្ត្រីនគរបាលជាតិដែលមានមុខតំណែងទាបជាង ប៉ុន្តែមានឋានន្តរស័ក្តិខ្ពស់ជាងឬស្មើ ត្រូវគោរពមន្ត្រីនគរបាលជាតិដែលមានមុខតំណែងខ្ពស់ជាង។ ក្នុងករណីដែលមិនស្គាល់គ្នា មន្ត្រីនគរបាលជាតិណាដែលមានឋានន្តរស័ក្តិទាបជាង ត្រូវគោរពមន្ត្រីនគរបាលជាតិដែលមានឋានន្តរស័ក្តិខ្ពស់ជាង។
ទី៥.មន្ត្រីនគរបាលជាតិ ត្រូវបង្កលក្ខណៈងាយស្រួលដល់កិច្ចប្រតិបត្តិការត្រួតពិនិត្យរបស់ក្រុមតម្រួតបទបញ្ជា។ ក្រុមតម្រួតបទបញ្ជា ត្រូវបំពេញតួនាទីនិងភារកិច្ចទទួលខុសត្រូវឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវធ្វើសកម្មភាពណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិឡើយ។
ទី៦.ថ្នាក់ដឹកនាំនគរបាលជាតិ មិនត្រូវយកមុខតំណែងឬឋានន្តរស័ក្តិ ទៅសម្ពាធឬគំរាមកំហែងមន្ត្រីនគរបាលជាតិថ្នាក់ទាបជាងខ្លួនឡើយ និង
ទី៧.មន្ត្រីនគរបាលជាតិ ត្រូវអនុវត្តតាមបទបញ្ជាគ្រប់កាលៈទេសៈ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រសិនបើការចាត់តាំងនោះបណ្តាលឱ្យជួបការលំបាក ដែលចាំបាច់ត្រូវការឧបត្ថម្ភ អង្គភាពគ្រប់ថ្នាក់ដែលមានសមត្ថកិច្ច ត្រូវធានាផ្តល់ឱ្យទៅតាមប្រភេទនៃការលំបាកនោះ។
បន្ថែមលើចំណុចទាំង៧ខាងលើ លោកទូច សុឃៈ បានសង្កត់ធ្ងន់ ដោយលើកយកប្រការ១១ នៃប្រកាសដដែល មកគូសបញ្ជាក់ថាមន្ត្រីនគរបាលជាតិកម្ពុជា ត្រូវគោរព និងអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំ តាមឋានានុក្រម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ការគោរពបញ្ជា គឺជាកាតព្វកិច្ចចាំបាច់របស់មន្ត្រីនគរបាលជាតិក្រោមបង្គាប់ ដែលមានការទទួលខុសត្រូវបន្តតាមឋានានុក្រម។
លោកបន្តថា ចំពោះការអនុវត្តនូវបទបញ្ជាដោយបំពានច្បាប់ ឬខុសឆ្គងនឹងបញ្ញត្តិច្បាប់ជាធរមាន ទោះជាប្រធានអង្គភាពទទួលខុសត្រូវ ឬមិនទទួលខុសត្រូវ សាមីខ្លួនត្រូវតែទទួលទណ្ឌកម្មតាមការកំណត់។ នេះបើតាមប្រការ១២ នៃប្រកាសដដែល៕ដោយ៖តារា










