ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងវិចិត្រសិល្បៈ បានថ្លែងថា បានសង្កត់ធ្ងន់ថា សកម្មភាព របស់ថៃ នៅតំបន់បណ្តុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ចាប់តាំងពីបទឈប់បាញ់កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក គឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃ។ ហើយចំពោះសកម្មភាពទាំងនេះ រួមមាន៖ ការរៀបចំពិធីសាសនា ការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃ សកម្មភាពជួសជុលដោយ គ្មានការអនុញ្ញាត ការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើភណ្ឌបេតិកភណ្ឌជាតិរបស់ថៃ និងការ សាងសង់សំណង់អចិន្ត្រៃយ៍ជាច្រើនទៀត ដូចជាការកសាងព្រះពុទ្ធបដិមាធំៗជាដើម ។
ការថ្លែងបែបនេះរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងបទបង្ហាញជូនអង្គទូតស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា ថៃ និងតំណាងបេសកកម្ម ការទូត និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន៤៤ រូបកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណដល់ប្រធាន និងតំណាង ការទូត និងអង្គការអន្តរជាតិចំពោះវត្តមាន និងការគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។ លោកស្រីបានបញ្ជាក់ជាថ្មីនូវមូលដ្ឋានច្បាប់ចំពោះអធិបតេយ្យរបស់កម្ពុជាលើតំបន់វប្បធម៌ ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ រួមមាន បណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេង ចំពោះប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការយូណេស្កូ ក៏ដូចជាចំពោះ បូជនីយដ្ឋានវប្បធម៌ដទៃទៀត ដែលមានតម្លៃលេចធ្លោជាសកល។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា កម្ពុជាបានដាក់កំណត់ទូតតវ៉ា ជាច្រើន ហើយនឹងបន្តប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់បែបនេះរបស់ថៃ ដែលប៉ុនប៉ងបង្កើតស្ថានភាព លើដីជាក់ស្តែង និងព្យាយាមជំរុញការទាមទារ ដែលពុំមានមូលដ្ឋានទាំងអង្គហេតុនិងអង្គច្បាប់ ចំពោះ បេតិកភណ្ឌវប្បធម៌ខ្មែរ ។ លោកស្រីបានបញ្ចប់បទបង្ហាញ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី អនុលោមតាម ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា សន្តិភាពរវាងកម្ពុជានិងថៃ មានសារៈសំខាន់ សម្រាប់ភាពសុខដុមរមនា សាមគ្គីភាព និងវឌ្ឍនភាពរបស់អាស៊ាន និងតំបន់ទាំងមូល៕ដោយ៖តារា










