ខេត្តកំពត៖ មានការភ្ញាក់ផ្អើលមួយករណីបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញរថយន្ត១គ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បើកយកមកប្លុងចោលនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច កាលពីវេលារំលងអធ្រាត្របង្កឱ្យមានការសង្ស័យ និងភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពោលគឺស្ថិតក្នុងវេលាម៉ោង ៣ ទាបភ្លឺ មានរថយន្ត១គ្រឿង (មិនទាន់ស្គាល់ម៉ាក និងផ្លាកលេខច្បាស់លាស់) ត្រូវបានគេបើកយកមកទុកចោលនៅក្នុងភូមិបឹងធំខាងកើត ដោយមិនឃើញមានមនុស្សនៅក្បែរនោះឡើយ។ លុះព្រឹកឡើង ទើបអ្នកភូមិជិតខាងជួបប្រទះ និងបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមៗ។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានជុំវិញ បានសម្តែងការសង្ស័យថា រថយន្ត១គ្រឿងនេះ អាចនឹងមានការពាក់ព័ន្ធទៅនឹងបទល្មើសណាមួយ ឬក៏ជាករណីលួច ហើយយកមកប្លុងចោលក៏ថាបាន។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងនគរបាលជំនាញ កំពុងតែចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ក៏ដូចជាស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការយកមកប្លុងចោលទាំងកណ្តាលអាធ្រាត្របែបនេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










