សារព័ត៌មាន AFP បានផ្សាយថាប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថាមនុស្សច្រើនជាង ៩០០នាក់ត្រូវបានសង្ស័យថាបានឆ្លងជំងឺ Ebola នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយក្នុងនោះមាន១០១ករណីត្រូវបានបញ្ជាក់ជាផ្លូវការតាមរយៈការធ្វើតេស្ដ។
ការកត់សម្គាល់របស់ប្រមុខ WHO ធ្វើឡើងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «ខណៈការតាមដានត្រូវបានបង្កើនក្នុងកិច្ចប្រឹងប្រែងឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺ Ebola នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានករណីសង្ស័យឆ្លងច្រើនជាង ៩០០ករណី ត្រូវបានកំណត់អត្តសញ្ញាណមកទល់នឹងពេលនេះ ក្នុងនោះមាន ១០១ករណីត្រូវបានបញ្ជាក់ជាផ្លូវការ»។ ប៉ុន្តែលោក Tedros មិនបានផ្ដល់ព័ត៌មានលម្អិតលើការធ្វើបច្ចុប្បន្នភាពចំនួន អ្នកស្លាប់នោះទេ។
កុងហ្គោ បានប្រកាសពីការឆ្លងរាលដាលនៃមេរោគ Ebola បំប្លែងថ្មី Bundibugyo កាលពីថ្ងៃទី១៥ ខែឧសភា។ មេរោគបំប្លែងថ្មីនេះមិនទាន់មានវ៉ាក់សាំងបង្ការ ឬវិធីព្យាបាល នៅឡើយទេ។ ក្នុងការធ្វើបច្ចុប្បន្នភាពចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រសួងសុខាភិបាលកុងហ្គោបានឱ្យដឹងថាមានអ្នកស្លាប់ ២០៤នាក់ត្រូវបានកត់ត្រា ក្នុងខេត្តចំនួន៣ នៃប្រទេសរបស់ខ្លួន ចេញពីករណីសង្ស័យឆ្លងចំនួន ៨៦៧ករណី៕

រូបថត: TTXVN









