តោះ​មកដឹងពី! ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម)

ចែករំលែក៖

ភ្នំពេញ៖ ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់​ឱ្យប្រើប្រាស់​ជា​ផ្លូវការហើយ។​ បន្ទាប់ពីប្រើរយៈប្រមាណមួយខែក្នុងការឆ្លងការពិនិត្យ និងសម្រេចរបស់គណៈរដ្ឋមន្ត្រី រហូត​ដល់ព្រឹទ្ធសភានោះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ។

ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានចំនួន៨ជំពូក ស្មើនឹង ២០មាត្រា។ ច្បាប់ស្តីពីកាតព្វ​កិច្ច​យោធា កំណត់​អំពី​វិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជា​កាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភព​ក​សាង​កម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការ​អប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែល​ត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ​ខ្មែរ​ជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ដោយឡែកប្រជាពលរដ្ឋខ្មែរដែលមានសញ្ញាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវ​បំពេញកាតព្វកិច្ចយោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលត្រូវចូល​បំពេញកាតព្វ​កិច្ច​យោ​ធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះ​យោ​ធិន​នៃកងយោធពលខេមរភូមិន្ទ។

ច្បាប់ស្តីពីកាតព្វកិច្ចយោធា បានចែងថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ខែ គិត​ពី​ថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ខែ តាម​ការកំណត់របស់រាជរដ្ឋាភិបាល។

ដោយឡែកចំនួនប្រជាពលរដ្ឋ និងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គ​នីមួយៗរៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយ ត្រូវអនុញ្ញាតឱ្យទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិត

ក្នុងបញ្ជីយោធិនបម្រុង រហូតដល់អាយុ ៤៥ឆ្នាំ។ យោធិននេះក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្ត​ទៅ​ទៀតបាន ទៅតាមតម្រូវការរបស់ក្រសួងការពារជាតិ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងស្ថាន​ភាពជាយោធិនបម្រុងនេះ សាមីជនត្រូវមកបំពេញភារកិច្ចក្នុងកងយោធពលខេមរភូមិន្ទ តាមការអញ្ជើញ​គ្រប់ពេលវេលា តាមការចាំបាច់របស់ប្រទេសជាតិ តាមគ្រប់រូបភាព និងតាមកាលៈទេសៈតម្រូវ តាមការ​កំណត់​​របស់រាជរដ្ឋាភិបាល។

ក្នុងច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏បានចែងពីការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាដែរ។

មាត្រា៨ បានចែងថា ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះ៖

– ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការនិងសាសនា

– ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង

នវានុវត្តន៍ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច

– អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់

នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់

ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដូចមានកំណត់ក្នុងច្បាប់នេះ

– ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន

– ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង

ក្នុងច្បាប់នេះ ក៏បានចែងពីការដាក់ទោសទណ្ឌចំពោះជនគេចវេសពីការអនុវត្តកាតព្វកិច្ចយោធាដែរ។ ជន​ទាំងឡាយណា ដែលគេចវេសមិនបំពេញកាតព្វកិច្ច នឹងត្រូវដាក់ពន្ធនាគារពី ៦ខែ ទៅ​២ឆ្នាំ ក្នុង​ករណី​ប្រទេសសន្ដិភាព ប៉ុន្ដែប្រសិនបើការគេចវេសនេះ ក្នុងអំឡុងពេលប្រទេសមានសង្គ្រាម ឬរងនូវការឈ្លានពានពីកម្លាំងបរទេស ត្រូវដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ ព្រមទាំងបូក​បញ្ជូល​ការពិន័យជាប្រាក់ខែថែមទៀត។

ក្នុងមាត្រាដដែលនេះ បានកំណត់ថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញ​កាតព្វ​កិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួន​បាន​ទទួលដំណឹង ត្រូវចាត់ទុកជាជនគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវ​ដែល​ជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។

ក្រៅពីផ្តន្ទាទោសដាក់ពន្ធនាគារហើយនោះ សម្រាប់ជនគេចវេស ក៏នឹងត្រូវពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្ត ក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព។ ពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល៤ ទៅ ១០០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈ ដែលប្រទេសមានសង្គ្រាមឬរងការឈ្លានពានពីកម្លាំងបរទេស។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី១២ ខែឧសភា បានគូសរំលេចថា ច្បាប់កាតព្វកិច្ចយោធា ផ្តល់នូវអត្ថប្រយោជន៍សំខាន់ចំនួន៣ចំណុច រួម​មាន៖

* ទី១៖ អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ៖ បង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់​ដែលជា​ប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាព​ឆ្លើយ​គ្រប់កម្រិត និងទាន់ពេលទៅនឹងសេចក្តីត្រូវការ ជាពិសេសការគំរាមកំហែងពីខាងក្រៅ ដោយភាព​ជឿជាក់ និងសក្តិសិទ្ធភាព។

* ទី២៖ អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ៖ បានក្លាយជាយុវជនដែល​មានកាយ​សម្ប​ទា​រឹងមាំ មានការអប់រំផ្លូវចិត្តប្រកបដោយសីលធម័ សុជីវធម៍ និងឥរិយាបថល្អ ទទួលបានការតម្រង់​ទិស​ក្នុង​ការកំណត់គោលជំហរ និងអត្តសញ្ញាណច្បាស់លាស់ ភាពជឿជាក់ និងភាពម្ចាស់ការ និងទទួល​បានការបំពាក់ស្មារតី ទម្លាប់រស់នៅ និងធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យ និងចាស់ទុំ ប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃខ្ពស់។

...

* ទី៣៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំង​ចលនករ​ប្រកបដោយថាមពល, ទទួលបានយុវជនដែលជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងការស្រលាញ់​ការងារសង្គម និងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបំរើជាតិ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print