ខេត្តរតនគិរី៖ ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ (Online Scam) នៅតាមមូលដ្ឋានក្រុងស្រុកទាំង៩ នៅក្នុងមូលដ្ឋានខេត្តរតនគិរី កងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី។
ក្នុងឱកាសនេះ កម្លាំងជំនាញ បានពន្យល់ណែនាំដល់ម្ចាស់ទីតាំងទាំងអស់ មិនត្រូវសហការ ឬបើកដៃឱ្យមានការឆបោកតាមអនឡាញ (Online Scam) ឡើយ ហើយប្រសិនបើរកឃើញថា មានការបើកឲ្យមាន
Online Scam ម្ចាស់ទីតាំង នឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។
ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល ឬលើសពីនេះ ទៅតាមស្ថានភាពល្មើស ដោយគ្មានការលើកលែងជាដាច់ខាត។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏បានអំពាវនាវប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត, ដូច្នេះម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងឲ្យបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ឲ្យបានរឹងមាំបន្ថែមទៀត៕ដោយ៖តារា










