យានអវកាស Shenzhou-23 បានចូលចតដោយជោគជ័យជាមួយស្ថានីយ៍អវកាស Tiangong

ចែករំលែក៖

យោងតាមរដ្ឋបាលអវកាសមនុស្សចិន (CMSA) យានអវកាស Shenzhou-23 ដែលមានមនុស្សបើករបស់ប្រទេសចិន បានចូលចតដោយជោគជ័យជាមួយស្ថានីយ៍អវកាស Tiangong នៅព្រឹកព្រលឹមថ្ងៃទី 25 ខែឧសភា។

យានអវកាស Shenzhou-23 បានអនុវត្តដំណើរការចូលទៅជិត និងចូលចតដោយស្វ័យប្រវត្តិយ៉ាងរហ័សជាមួយម៉ូឌុលស្នូល Tianhe របស់ស្ថានីយ៍អវកាស Tiangong។ ដំណើរការចូលចតទាំងមូលចំណាយពេលប្រហែល 3.5 ម៉ោង។
បន្ទាប់មក អវកាសយានិកទាំងបីនាក់នៅលើយាននឹងបន្តទៅកាន់ម៉ូឌុល Tianhe។ ទន្ទឹមនឹងនេះ សមាជិកនាវិក Shenzhou-21 ដែលស្ថិតនៅលើស្ថានីយ៍អវកាសរួចហើយ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អវកាសយានិកថ្មី។
ចិនបញ្ជូនអវកាសយានិកទៅស្នាក់នៅរយៈពេល១ឆ្នាំក្នុងទីអវកាស ជាផ្នែកនៃមហិច្ឆតាបញ្ជូនមនុស្សទៅដល់លើឋានព្រះចន្ទ នៅឆ្នាំ២០៣០។
អវកាសយានិកចិនទាំង៣រូប បានហោះឡើងពីផ្ទៃផែនដីកាលពីវេលាម៉ោង ១១យប់ថ្ងៃអាទិត្យ តាមរយៈយានអវកាស Shenzhou-23 ដែលបំពាក់លើរ៉ុក្កែតអវកាស Long March-2F Y23 ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។ ក្នុងចំណោមអ្នកទាំង៣ ម្នាក់នឹងស្នាក់នៅលើស្ថានីយអវកាស Tiangong រយៈពេល១ឆ្នាំ។
មកទល់ឥឡូវ ចិនបានបញ្ជូនក្រុមអវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន ជាង១០ជើងហើយ ប៉ុន្តែបេសកកម្មលើកនេះ គឺចំពោះមុខការពន្លឿន ការរត់ប្រឡងប្រណាំងគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីទៅកាន់ឋានព្រះចន្ទ។ អាមេរិកបានដាក់គោលដៅចេញបេសកកម្មបញ្ជូនមនុស្សត្រឡប់ទៅដល់លើផ្ទៃព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៨ ដែលលឿនជាងចិន២ឆ្នាំ។ សហរដ្ឋអាមេរិក ចង់បង្កើតវត្តមានរយៈពេលវែងនៅលើឋានព្រះចន្ទ ដើម្បីបម្រើជាមូលដ្ឋានគ្រឹះឆ្ពោះទៅដល់ការរុករករបស់មនុស្សនៅឯភពអង្គារ (Mars) ថែមទៀត។ លើកចុងក្រោយ ដែលអាមេរិកបានបញ្ជូនមនុស្សទៅជាន់លើផ្ទៃព្រះចន្ទ គឺកាលពីឆ្នាំ១៩៧២ ក្នុងបេសកកម្ម Apollo 17។
មកទល់ពេលនេះ ចិនធ្លាប់តែសម្រេចបានការបញ្ជូនយានរ៉ូបូតទៅកាន់ព្រះចន្ទប៉ុណ្ណោះ ប៉ុន្តែការចេញបេសកកម្ម Shenzhou ជាបន្តបន្ទាប់ដោយជោគជ័យ គូសរំលេចពីភាពប្រសើរឡើងយ៉ាងឆាប់រហ័សនៃសមត្ថភាពវិស័យអវកាសរបស់ចិន។ កាលពីខែមិថុនា ឆ្នាំ២០២៤ ចិនបានក្លាយជាប្រទេសដំបូងគេ ដែលបាននាំយកគំរូតាងពីផ្ទៃព្រះចន្ទ នៅចំហៀងដែលមិនបែរមករកផែនដី ដោយប្រើប្រាស់យានរ៉ូបូត។ ប្រសិនបើចិនសម្រេចជោគជ័យ ក្នុងការបញ្ជូនមនុស្សទៅដល់មុនឆ្នាំ២០៣០ ពោលគឺលឿនជាងពេលកំណត់ នោះវានឹងជួយជំរុញផែនការរបស់ចិន ក្នុងការបង្កើតមូលដ្ឋានអចិន្រ្តៃយ៍មួយលើឋានព្រះចន្ទ នៅត្រឹមឆ្នាំ២០៣៥ ក្រោមកិច្ចសហការជាមួយរុស្ស៉ី៕

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print