ខេត្តបន្ទាយមានជ័យ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បន្តប្រតិបត្តិការចុះរដ្ឋបាលតាមអគារចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ក្រែងមានក្រុមជនល្មើសនៅលួចប្រព្រឹត្ត បទល្មើស Online Scams តែមិនមានទីតាំងណាមួយដែលផ្តល់ជូនក្រុមឧក្រិដ្ឋជនធ្វើនោះឡើយ។
តែយ៉ាងណា សម្រាប់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាព បានរកឃើញសម្ភារមួយចំនួនដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Online Scams ហើយមានអគារមួយរកឃើញមានការប្រមូលផ្តុំជនបរទេសស្នាក់នៅ តែមិនជាប់ពាក់ព័ន្ធបទល្មើសនោះឡើយ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលតាមនីតិវិធីរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, បញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេប ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែងចំនួន ៣ទីតាំង ក្នុងនោះបិទសៀល ១ទីតាំង និងធ្វើរដ្ឋបាល២ទីតាំង។
ក្រុមការងារ បានបិទសៀល១ទីតាំងនៅអគារកម្ពស់៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តែពុំមានជនបរទេសនោះទេ។ កម្លាំងជំនាញ
បន្ដស្រាវជ្រាវរកម្ចាស់ទីតាំង។
ក្រុមការងារបានចុះរដ្ឋបាលនៅអគារកម្ពស់៤ជាន់ ២៥បន្ទប់ រកឃើញមានជនបរទេសស្នាក់នៅប្រមូលផ្ដុំជាជនជាតិឥណ្ឌូនេស៊ី ចំនួន៨០នាក់ ស្រី២៧នាក់ តែមិនរកឃើញមានការជាប់ពាក់ព័ន្ធបទល្មើសនោះទេ។ ក្រុមការងារបានអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យា ដើម្បីឲ្យចូលរួមជាមួយអាជ្ញាធរ ទប់ស្កាត់កុំឲ្យកើតមានបទល្មើសមួយនេះ។
សម្រាប់ទីតាំងទី២ ក្រុមការងារបានចុះរដ្ឋបាលនៅអគារមានកម្ពស់២ជាន់ ១៤បន្ទប់ តែមិនមានជនបរទេសស្នាក់នៅ និងពុំមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ ក្រុមការងារ ក៏បានធ្វើការអប់រំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យាផងដែរ ដើម្បីចូលរួមសហការទប់ស្កាត់បទល្មើសមួយនេះ៕
ដោយ ៖ សិលា










