លោក ហ៊ុន ម៉ានី ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ រយៈពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ក្រសួង-ស្ថាប័នចំនួន០៣

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងថា ៖ ឆ្ពោះទៅមុខនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមគណៈកម្មការប្រឡង នឹងរៀបចំដំណើការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ រយៈពេលបីថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ក្រសួង-ស្ថាប័នចំនួន០៣ រួមមាន៖ ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ នេះជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃគណៈកម្មការរៀបចំការប្រឡង ក្នុងបន្តការអនុវត្តដំណើរការប្រឡងប្រជែងឱ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ តម្លាភាព និងភាពទុកចិត្តបាន ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងស្ថាប័នសាមី ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ។

តាមរយៈប្រព័ន្ធប្រឡងដែលបានចូលរួមចំណែកបង្កើតបរិយាកាសទាក់ទាញធនធានមនុស្សដែលមានសមត្ថភាព ឆន្ទៈ និងក្តីប្រាថ្នា ចូលរួមក្លាយខ្លួនជាមន្ត្រីរាជការ ប្អូនៗដែលជាអនាគតអ្នកបន្តវេនពីអ្នកជំនាន់មុនក្នុងវិស័យសាធារណៈ នឹងអាចចូលរួមបន្តកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជាសម្រាប់បច្ចុប្បន្ន និងអនាគត ឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ។

លោកឧបនាយករដ្ឋមន្ត្រីថា ៖ ចំពោះប្អូនៗជាបេក្ខជនទាំងអស់ សូមត្រៀមខ្លួនឱ្យបានល្អ ប្រើប្រាស់សមត្ថភាពពិតប្រាកដ និងចំណេះដឹងរបស់ខ្លួនក្នុងការប្រឡង ដើម្បី« ជាប់ដោយមោទនៈ» និងក្លាយជាមន្ត្រីរាជការប្រកបដោយឧត្តមភាព ចូលរួមបម្រើប្រជាជនយើង ដោយស្មោះត្រង់ និងប្រសិទ្ធភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print