ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួល នៅក្រុងបាវិត។
នគរបាលខេត្តស្វាយរៀងបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ស្រី ១នាក់ (ជនជាតិម៉ាឡេស៊ី ៨នាក់ ស្រី ១នាក់, ជនជាតិវៀតណាម ១នាក់ ប្រុស) ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កំព្យូទ័រលើតុ All-In-One , ម៉ូនីទ័រ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទស៊ីល បិទទីតាំងបណ្ដោះអាសន្ន។










