សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោក ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី

ចែករំលែក៖

ភ្នំពេញ​៖​​ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ម៉ាណែត​ សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃពុធ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២១០នាក់ ដែលបានទៅចូលរួមធ្វើធម្មយាត្រាហាជី ជាកាតព្វកិច្ចសម្រាប់ជនម៉ូស្លីមដែលមានលទ្ធភាព និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនម៉ូស្លីមមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក។

ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមពីលើកាតព្វកិច្ចធ្វើធម្មយាត្រាហាជី សម្រាប់ថ្ងៃរ៉យ៉ាហាជីនេះ បងប្អូនម៉ូស្លីមក៏បានលះបង់ទ្រព្យធនក្នុងការសំឡេះសត្វពាហនៈធ្វើគួរហ្ពាន ចំពោះអល់ឡោះ ហើយបរិច្ចាគសាច់ដល់អ្នកដែលមានជីវភាពខ្វះខាត និងសាសនិកឥស្លាមទូទៅបានបរិភោគ ដែលបានបង្ហាញពីការគិតគូរ ទឹកចិត្តសប្បុរស និងការចែករំលែក ដើម្បីប្រាកដថាគ្រប់គ្នាសុទ្ធតែមានម្ហូបអាហារគ្រប់គ្រាន់នៅក្នុងថ្ងៃបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយក៏ជាផ្នែកមួយនៃស្មារតីសាមគ្គីភាពដ៏ល្អប្រសើរផងដែរ។  

...

ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់​ ស្លើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែលកំពុងបំពេញកាតព្វកិច្ចធម្មយាត្រាហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីមដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូននៅតាមសហគមន៍៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print