ហេតុអ្វីបានជារាជរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគមកកម្ពុជា?

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងរំលឹកពីមេរៀនប្រវត្តិសាស្ត្រអំឡុងពេលដែលកម្ពុជាជួបប្រទះបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយគូសបញ្ជាក់ថា ព្រឹត្តិការណ៍នោះបានជំរុញឱ្យរាជរដ្ឋាភិបាលរឹតតែផ្ដោតលើការអភិវឌ្ឍ «ឧស្សាហកម្មយុទ្ធសាស្ត្រ» ដើម្បីពង្រឹងសង្វាក់ផលិតកម្ម និងការវិនិយោគនៅក្នុងស្រុក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (Kims Rubber) នៅខេត្តត្បូងឃ្មុំ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ការពង្រឹងវិស័យឧស្សាហកម្មជាយុទ្ធសាស្ត្រ គឺដើម្បីបង្កើនផលិតផល និងពង្រីកលទ្ធភាពស្វ័យគ្រប់គ្រងក្នុងស្រុក ដោយចាប់យកឱកាសដែលប្រជាពលរដ្ឋកំពុងមានស្មារតីគាំទ្រផលិតផលជាតិ 

ដោយផ្តោតលើកត្តា «ចីរភាព» ដែលត្រូវមានពីរផ្នែករួមផ្សំគ្នា ទីមួយ ផលិតផលមានចីរភាព និងគុណភាព៖ ខាងរោងចក្រត្រូវធានាការផលិតឱ្យបានល្អ និងមានស្តង់ដារ និងទីពីរ អ្នកទិញមានចីរភាព៖ ប្រជាពលរដ្ឋបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជាប្រចាំ។ ជាក់ស្តែង អំឡុងពេលមានភាពតានតឹងនៅព្រំដែននាពេលនោះ រាជរដ្ឋាភិបាលបានជំរុញការពង្រីកការផលិតទំនិញយុទ្ធសាស្ត្រចាំបាច់មួយចំនួនដូចជា ទឹកដោះគោ មី និងស្ករស ជាដើម ក្នុងគោលដៅកាត់បន្ថយការនាំចូលពីក្រៅប្រទេសឱ្យមកនៅកម្រិតអប្បបរមា។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេសសិក្សាអំពីមាត្រដ្ឋានកំណត់ «ខេត្តមួយ ត្រូវមានផលិតផលស្នូលមួយ» ដើម្បីទាញយកសក្តានុពលពិតប្រាកដរបស់ខេត្តនីមួយៗ ដូចជា៖ខេត្តត្បូងឃ្មុំ ត្រូវផ្តោតលើផលិតផលយុទ្ធសាស្ត្រគឺ «កៅស៊ូ» និងខេត្តកំពង់ធំ ត្រូវកំពុងជំរុញយ៉ាងសកម្មលើការផលិត និងកែច្នៃ «ស្វាយចន្ទី»។ ពីព្រោះគោលដៅចុងក្រោយនៃការបង្កើតសួនឧស្សាហកម្មនៅតាមបណ្ដាខេត្ត គឺដើម្បីរក្សាទីផ្សារដែលមានតម្លៃខ្ពស់ និងមានស្ថិរភាពជូនប្រជាកសិករ។

ជាមួយគ្នានេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនដែលនាំយកខ្សែច្រវាក់ផលិតកម្ម និងអ្នកទិញមកបោះទុនផ្ទាល់នៅក្នុងស្រុក តាមរយៈការផ្តល់អត្រាពន្ធទាប ហើយយុទ្ធសាស្ត្របន្ធូរបន្ថយពន្ធនេះ គឺដើម្បីជួយឱ្យក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលទិញកសិផលពីកសិករខ្មែរក្នុងតម្លៃខ្ពស់ និងធានាបាននូវទីផ្សារមួយដ៏ថេរ និងរឹងមាំនៅនឹងកន្លែង ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print