ខេត្តកំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដែលជាការតភ្ជាប់ដ៏សំខាន់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និងផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
មានប្រសាសន៍ដល់ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងផ្លូវជាតលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
គម្រោងផ្លូវមួយខ្សែនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការសាងសង់ក្នុងពេលសម្តេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រី។ មកដល់ពេលនេះគម្រោងមួយនេះ មិនទាន់បានដំណើរការនៅឡើយទេ។
ពីលើទឹកដីខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់គម្រោងសាងសង់ផ្លូវ និងស្ពាននេះ។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលជួបជាមួយនឹងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា សម្តេចក៏បានស្នើទៅរដ្ឋាភិបាលចិនតាមរយៈលោកឯកអគ្គរដ្ឋទូតឱ្យពិចារណាផ្តល់កម្ចីសាងសង់ផ្លូវ និងស្ពាននេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីនៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ និងស្ពាន ដែលមានប្រវែងសរុបជិត៦០គីឡូម៉ែត្រនេះ ត្រូវបានសិក្សារួចរាល់ហើយ។ គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ (AC) និងមានលូជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រីឆ្លងកាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយនឹងស្ពានដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។
បច្ចុប្បន្ននេះ បើទោះបីគម្រោងនេះមិនទាន់មានដំណើរការក្តី អាជ្ញាធរតាមរយៈក្រុមហ៊ុនគ្លូប៊លគ្រីន បានសាងសង់ផ្លូវដីពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង ១៧គីឡូម៉ែត្រ។ ការលើកកម្ពស់ផ្លូវដីនេះ ជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុងខែវស្សាដូចឆ្នាំមុនៗទៀតហើយ៕ដោយ៖តារា










