ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន VICHAU Co.Ltd ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីកិបកេងប្រាក់ក្រុមហ៊ុនរាប់ម៉ឺនដុល្លារអាមេរិក បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យរូបនេះពីបទ ” រំលោភលើទំនុកចិត្ត ។ ក្នុងនោះ លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនជនសង្ស័យទៅឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន ។
យោងតាមមាត្រា៣៩១និង៣៩២នៃក្រមព្រហ្មទណ្ឌ ឃើញថា ជនសង្ស័យរូបនេះប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ រស់ ឆាំឯកា មានតួនាទីជាអ្នកលក់និងប្រមូលលុយប្រចាំសាខារាជធានីភ្នំពេញ បានកិបកេងប្រាក់ក្រុមហ៊ុនVICHAU Co.Ltd ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ10A ផ្លូវលេខ១១៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ប្រភពព័ត៌មានដដែល បន្តថា នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានចូលបម្រើការងារនៅក្រុមហ៊ុនតាំងពីឆ្នាំ២០១៣មក ក្នុងផ្នែកលក់និងប្រមូលលុយ មានគ្នាពីរនាក់ ម្នាក់ទៀតឈ្មោះ ចាន់ ណេភេទប្រុស អាយុប្រហែល៣៨ឆ្នាំ ។ ខ្លួនជាអ្នកលក់និងប្រមូលប្រចាំផ្សារទួលទំពូង និង ផ្សារអូឡាំពិក នូវខ្សែភ្លើង អំពូលភ្លើង និងកាវ៥០២ ជាដើម ។
ជនសង្ស័យបានសារភាពទៀតថា លុះដល់ឆ្នាំ២០១៤ ខ្លួនចាប់ផ្ដើមលួចដកលុយឥវ៉ាន់បន្តិចម្ដងៗ ក្នុងមួយលើកពី៥០០ដុល្លារទៅ៦០០ដុល្លាររហូតមកទល់បច្ចុប្បន្នរាប់មឺុនដុល្លារ ។ ជនសង្ស័យ បញ្ជាក់ថា លុយដែលកិបកេងពីក្រុមហ៊ុនបានចាយវាយអស់ហើយ ។ ប្រភពបានបញ្ជាក់ថា លុយដែលជនសង្ស័យប្រមូលបានរំលោភទំនុកចិត្តលើក្រុមហ៊ុនគឺយកទៅអោយប្រពន្ធរកសុីចងការ៕
ដោយ៖ ចេស្តា