ជនបរទេស២៤០នាក់ មាន ចិន និងមីយ៉ាន់ម៉ា ត្រូវបាន បញ្ជូន​ចេញ ពី កម្ពុជា ក្នុង ប្រតិបត្តិការ បង្ក្រាបឧក្រិដ្ឋកម្មតាម ប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន និងមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា កាលពីថ្ងៃម្សិលមិញ បានរៀបចំបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ២៤០ នាក់ (ស្រី ៣៨ នាក់) ចេញពីទឹកដីព្រះរាជាណាចក្រកម្ពុជា។ ជនទាំងនោះភាគច្រើនបានចូលរួមក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងប្រព្រឹត្តបទល្មើសជនបរទេសចូលមករស់នៅ និងធ្វើការងារខុសច្បាប់ក្នុងប្រទេស។
ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បង្កើនប្រសិទ្ធភាពក្នុងការបណ្តេញជនខុសច្បាប់ទាំងនេះ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
លទ្ធផលនៃការបណ្តេញចេញរួមមាន ជនជាតិចិន ចំនួន ១៦៥ នាក់ (ស្រី ៨ នាក់) ជនជាតិមីយ៉ាន់ម៉ា ចំនួន ៧៥ នាក់ (ស្រី ៣០ នាក់)។ ក្នុងចំណោមជនជាតិមីយ៉ាន់ម៉ា មានចំនួន ៧០ នាក់ (ស្រី ៣០ នាក់) ត្រូវបានបណ្ដេញចេញនៅក្នុងប្រតិបត្តិការនេះផងដែរ។
ការបណ្ដេញចេញនេះ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមការដឹកនាំរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការតម្រង់ទិសដៅប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ សកម្មភាពនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតមាននៅក្នុងប្រទេស។
រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តវិធានការយ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែង ជាពិសេសប្រឆាំងនឹងមេខ្លោងដែលនៅពីក្រោយសកម្មភាពឧក្រិដ្ឋកម្មទាំងនេះ។ ក្នុងពេលដំណាលគ្នា អាជ្ញាធរក៏បានយកចិត្តទុកដាក់ ជួយ សង្គ្រោះ និង រំដោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យពួកគេមានសេរីភាព និងអាចវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាព។ ការបន្តប្រតិបត្តិការបែបនេះ គឺដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print