ភ្នំពេញ÷ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែលជាសំណល់សង្រ្គាមរបស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ពីលោកហេង រតនា អគ្គនាយកស៊ីម៉ាក់។
លោកហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានករណីប្រជាពលរដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើធ្វើអុសដុត ប៉ះគ្រាប់បែកចង្កោមផ្ទុះស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្តង។ លោកបានបញ្ជាក់ថា គ្រាប់បែកចង្កោមនេះជាប្រភេទគ្រាប់បែកចង្កោមM46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន។ អគ្គនាយកស៊ីម៉ាករូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា តំបន់ភូមិនេះ បានរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមសង្គ្រាមទាំងពីរលើក ដែលបង្កឡើងដោយទាហានសៀមកាលពីឆ្នាំ២០២៥កន្លងទៅ។
យ៉ាងណាក៏ដោយ លោកហេង រតនា ក៏បានបញ្ជាក់ផងដែរថា ពេលនេះកម្លាំងជំនាញអង្គភាពCMACបានបោសសម្អាតធានាសុវត្ថិភាពនៅតំបន់តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិនេះទាំងស្រុង និងបានហ៊ុមព័ទ្ធ ដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនេះ និងតំបន់កសិកម្មមួយចំនួនជាអាទិភាពបន្តផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរលោកហេង រតនា ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដោយសារគ្រាប់បែកចង្កោមសៀមឈ្លានពានដែលជាទង្វើប្រឆាំងអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោមនេះផងដែរ។
សូមបញ្ជាក់ថា កាលពីកន្លងទៅមានប្រជាពលរដ្ឋ និងកុមារកម្ពុជាបានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលសល់ពីសង្រ្គាមឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោមតែម្តង ដោយទាហានសៀមបានបាញ់ស្រោចយ៉ាងកំរោល និងមិនរើសគោលដៅចូលដែនអធិបតេយ្យកម្ពុជាជាង១៣ម៉ឺនគ្រាប់ ហើយបើគិតជាកូនគ្រាប់វិញ ប្រហែល៦លានទៅ៧លានគ្រាប់ឯណោះ៕










