ពលរដ្ឋខ្មែរម្នាក់ទៀតបានស្លាប់ដោយសារគ្រាប់បែកចង្កោមដែលជាសំណល់សង្រ្គាមពីទាហានសៀមឈ្លានពាន

ចែករំលែក៖

ភ្នំពេញ÷ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតហើយ ដែលបានបាត់បង់ជីវិតដោយសារគ្រាប់បែកចង្កោម ដែល​ជា​សំណល់​សង្រ្គាម​របស់ទាហានសៀមឈ្លានពាន ខណៈជនរងគ្រោះបានទៅកាប់ឈឺធ្វើអុស កាល​ពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ ២០២៦ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ពីលោកហេង រតនា អគ្គនាយកស៊ីម៉ាក់។

លោកហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយស៊ីម៉ាក់ បាន​សរសេរ​លើ​បណ្តាញ​សង្គមហ្វេសបុកថា នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មាន​ករណី​ប្រជាពលរ​ដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើធ្វើអុសដុត ប៉ះ​គ្រាប់​បែក​ចង្កោម​ផ្ទុះ​ស្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាម​ៗតែម្តង។ លោកបានបញ្ជាក់ថា គ្រាប់បែក​ចង្កោម​នេះ​ជា​ប្រភេទ​គ្រាប់​បែក​ចង្កោម​M46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន។ អគ្គនាយកស៊ីម៉ាករូបនេះបានបញ្ជាក់ឲ្យដឹងផងដែរថា តំបន់ភូមិនេះ បានរងផល​ប៉ះពាល់​ដោយ​សារ​គ្រាប់​បែក​ចង្កោម​សង្គ្រាមទាំងពីរលើក ដែល​បង្ក​ឡើង​ដោយ​ទាហាន​សៀម​កាល​ពី​ឆ្នាំ​២០២៥​កន្លង​ទៅ​។

យ៉ាងណាក៏ដោយ លោកហេង រតនា ក៏បានបញ្ជាក់ផងដែរថា ពេលនេះកម្លាំង​ជំនាញ​អង្គភាព​CMAC​បាន​បោស​សម្អាត​ធានា​សុវត្ថិភាព​នៅ​តំបន់​តាម​លំនៅដ្ឋាន​របស់​ប្រជាព​លរដ្ឋ​ក្នុង​ភូមិ​នេះ​ទាំង​ស្រុង និង​បានហ៊ុមព័ទ្ធ​ ដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនេះ និង​តំបន់​កសិកម្ម​មួយ​ចំនួន​ជា​អាទិភាព​បន្ត​ផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុកនេះដែរលោកហេង រតនា ក៏​បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ ដោយ​សារ​គ្រាប់​បែក​ចង្កោម​សៀម​ឈ្លាន​ពាន​ដែល​ជា​ទង្វើ​ប្រឆាំង​អនុ​សញ្ញា​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នេះ​ផង​ដែរ។

សូមបញ្ជាក់ថា កាលពីកន្លងទៅមានប្រជាពលរដ្ឋ និងកុមារកម្ពុជាបានរងគ្រោះថ្នាក់ដល់ជីវិត របួស ​និង​ពិការ​ជាបន្តបន្ទាប់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែល​សល់​ពី​សង្រ្គាម​ឈ្លាន​ពាន​របស់​សៀម ​ជាពិសេសគ្រាប់បែកចង្កោមតែម្តង ដោយទាហានសៀម​បាន​បាញ់​ស្រោច​យ៉ាង​កំរោល ​និង​មិនរើសគោលដៅចូលដែនអធិបតេយ្យកម្ពុជាជាង១៣ម៉ឺនគ្រាប់ ហើយ​បើ​គិត​ជា​កូន​គ្រាប់​វិញ​ ប្រហែល៦លានទៅ៧លានគ្រាប់ឯណោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print