ភ្នំពេញ : សហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះការដោះលែង លោក កឹម សុខា។
សហរដ្ឋអាមេរិក ចាត់ទុកការដោះលែងលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ។ អាមេរិក បន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋអាចអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី។
សូមជម្រាបជូនថា , គុណធម៌នយោបាយ និងការបង្រួបបង្រួមជាតិ៖ អត្ថន័យជ្រាលជ្រៅនៃការលើកលែងទោសលោក កឹម សុខា !
ក្នុងប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា ការរក្សាបាននូវសុខសន្តិភាព ការឯកភាពជាតិ និងការពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ គឺជាបេសកកម្មដ៏ចម្បងបំផុតមួយដែលមិនអាចកាត់ថ្លៃបាន។ បន្ទាប់ពីប្រទេសជាតិធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ផ្ទៃក្នុង និងការជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសជាច្រើនទសវត្សរ៍ កម្ពុជាបានចំណាយពេលយ៉ាងយូរ ដើម្បីកសាងស្ថិរភាពនយោបាយ និងការរួបរួមជាតិឡើងវិញ។ នៅក្នុងបរិបទនេះ ការលើកលែងទោសលោក កឹម សុខា មិនមែនគ្រាន់តែជាវិធានការផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាសារនយោបាយដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីគុណធម៌នយោបាយ វប្បធម៌អភ័យទោស និងចក្ខុវិស័យនៃការបង្រួបបង្រួមជាតិរបស់ថ្នាក់ដឹកនាំកម្ពុជា។
ការសម្រេចស្នើសុំការលើកលែងទោសលោក កឹម សុខា ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយ និងការយល់ឃើញឆ្ងាយជាងការប្រកួតប្រជែងផ្នែកអំណាចធម្មតា។ នៅក្នុងប្រទេសជាច្រើន ជម្លោះនយោបាយជារឿយៗត្រូវបានគេទុកឱ្យកាន់តែធ្ងន់ធ្ងរ ដោយការសងសឹក ឬការប្រើអំណាចដើម្បីបំបាក់និងបំផ្លាញគូប្រជែង។ ប៉ុន្តែសម្រាប់កម្ពុជា ការជ្រើសរើសផ្លូវអត់ឱន និងការបើកច្រកសម្រាប់ការផ្សះផ្សាជាតិ គឺជាការបង្ហាញថា ស្ថិរភាពជាតិមានតម្លៃធំជាងការប្រឈមមុខផ្នែកនយោបាយ៕
ដោយ : សិលា










