ខេត្តពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់។
ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុប ៧៧៥នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១០ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងកំពង់ឆ្នាំង។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយមានការឧបត្ថម្ភគាំទ្រពីលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ គួបផ្សំនឹងការយកចិត្តទុកដាក់ច្នៃប្រឌិតខ្ពស់របស់រដ្ឋបាលខេត្ត ធ្វើឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន និងប្រែមុខមាត់យ៉ាងឆាប់រហ័ស រួមទាំងមានការថែទាំបរិស្ថាន អនាម័យល្អទូទាំងខេត្ត តាមរយៈការអប់រំឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមានអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យជាប្រចាំ។
ដើម្បីរក្សាបានសណ្តាប់ធ្នាប់និងបរិស្ថាន បៃតង រដ្ឋបាលខេត្តបានធ្វើការអភិវឌ្ឍច្រាំងស្ទឹងឱ្យមានសោភណភាពតាមដងស្ទឹង ចាប់ពីស្ពានអាកាសវាងក្រុង ដល់ស្ពានរថភ្លើង ត្រូវរៀបចំជាសួនច្បារ និងកន្លែងសម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ។ ក្នុងនោះបានធ្វើការសម្របសម្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅគ្មានសណ្តាប់ធ្នាប់ មិនរៀបរយមួយចំនួនដូចជា នៅជាប់របងវិទ្យាល័យពោធិ៍សាត់ ជាប់របងស្នងការដ្ឋាននគរបាលខេត្ត ជាប់របងមន្ទីរពេទ្យខេត្ត និងការរស់នៅតាមមាត់ស្ទឹងយូរឆ្នាំមកហើយ ឱ្យចាកចេញដោយស្ម័គ្រចិត្ត និងទទួលយកការដោះស្រាយទីតាំងថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ធានាការស់នៅប្រកបដោយសុខសុវត្ថិភាព និងមានកម្មសិទ្ធស្របច្បាប់ សរុប ៣២០គ្រួសារ។
ទន្ទឹមនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលរាត្រី ខេត្តបានដាក់បង្គោល និងអំពូលភ្លើង ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង (បង្គោលចំនួន១ ៧៥០ដើម អំពូលសូឡាចំនួន៣៥០០អំពូល) ដើម្បីសម្រួលដល់ការធ្វើដំណើរពេលយប់របស់សាធារណជនទូទៅ។
សូមជម្រាបជូនថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិត នៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់ខេត្តសៀមរាប និងកំពង់ធំតាមបណ្ដោយបឹងទន្លេសាប ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
ខេត្តពោធិ៍សាត់បែងចែកជា១ក្រុង ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៥២៧ភូមិ។ មានប្រជាជន
សរុបចំនួន ៥៦២.៦៨៣នាក់ ស្រី ២៨៤.៥៩៩នាក់ ស្មើនឹង ១៤១.០៦៤គ្រួសារ។ មានផ្ទៃដីសរុបចំនួន ១២.៦៩២ គ.ម២ សណ្ឋានដីត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់ខ្ពង់រាប, តំបន់ទំនាបកណ្តាល និងតំបន់បឹងទន្លេសាប៕ដោយ៖តារា










