សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តពោធិ៍សាត់​ នាព្រឹកនេះ!

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខ​​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ​ បានអញ្ជើញ​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តពោធិ៍សាត់។

ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តពោធិ៍សាត់សរុ​ប​ ៧៧៥នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១០ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និងកំពង់ឆ្នាំង។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោម​ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងដោយ​មានការ​ឧបត្ថម្ភគាំទ្រពីលោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តពោធិ៍សាត់ គួប​​ផ្សំនឹងការយកចិត្តទុកដាក់ច្នៃប្រឌិតខ្ពស់របស់រដ្ឋបាលខេត្ត ធ្វើឱ្យខេត្តពោធិ៍សាត់​មាន​ការរីក​ចម្រើន និងប្រែមុខមាត់យ៉ាងឆាប់រហ័ស រួមទាំងមានការថែទាំបរិស្ថាន អនាម័យល្អទូទាំង​ខេត្ត តាមរយៈការអប់រំឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមានអាជ្ញាធរមូលដ្ឋាន​តាមដានត្រួតពិនិត្យជាប្រចាំ។ 

ដើម្បីរក្សាបានសណ្តាប់ធ្នាប់និងបរិស្ថាន បៃតង រដ្ឋបាលខេត្តបានធ្វើការអភិវឌ្ឍ​ច្រាំងស្ទឹង​ឱ្យ​មាន​សោភណភាពតាមដងស្ទឹង ចាប់ពីស្ពានអាកាសវាងក្រុង ដល់ស្ពានរថភ្លើង ត្រូវរៀបចំជាសួន​ច្បារ និងកន្លែងសម្រាប់ប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ។ ក្នុងនោះបានធ្វើការសម្រប​សម្រួលជូនប្រជាពលរដ្ឋ ដែលរស់នៅគ្មានសណ្តាប់ធ្នាប់ មិនរៀបរយមួយចំនួនដូចជា នៅជាប់​របងវិទ្យាល័យពោធិ៍សាត់ ជាប់របងស្នងការដ្ឋាននគរបាលខេត្ត ជាប់របងមន្ទីរពេទ្យខេត្ត និងការ​រស់​នៅតាមមាត់ស្ទឹងយូរឆ្នាំមកហើយ ឱ្យចាកចេញដោយស្ម័គ្រចិត្ត និងទទួលយកការដោះ​ស្រាយ​​ទីតាំងថ្មី ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ធានាការស់នៅប្រកបដោយ​សុខសុវត្ថិ​ភាព និងមានកម្មសិទ្ធស្របច្បាប់ សរុប ៣២០គ្រួសារ។ 

ទន្ទឹមនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេលរាត្រី ខេត្តបានដាក់បង្គោល និងអំពូលភ្លើង ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង (បង្គោលចំនួន១ ៧៥០ដើម អំពូលសូឡាចំនួន៣៥០០អំពូល) ដើម្បីសម្រួលដល់ការធ្វើដំណើរពេលយប់របស់សាធារណជនទូទៅ។ 

សូមជម្រាបជូនថា​ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិត នៅ​ភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តពោធិ៍សាត់ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃ ខាងជើងជាប់ខេត្តសៀមរាប និងកំពង់ធំតាមបណ្ដោយបឹងទន្លេសាប ខាងត្បូង​ជាប់​ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ 

ខេត្តពោធិ៍សាត់បែងចែកជា១ក្រុង ៦ស្រុក ៧សង្កាត់ ៤២ឃុំ និង ៥២៧ភូមិ។ មានប្រជាជន

សរុប​ចំនួន ៥៦២.៦៨៣នាក់ ស្រី ២៨៤.៥៩៩នាក់ ស្មើនឹង ១៤១.០៦៤គ្រួសារ។ មានផ្ទៃដី​សរុប​ចំនួន ១២.៦៩២ គ.ម២ សណ្ឋានដីត្រូវបានបែងចែកជា ៤ប្រភេទ មានដូចជា៖ តំបន់ភ្នំ, តំបន់​ខ្ពង់រាប, តំបន់ទំនាបកណ្តាល និងតំបន់បឹងទន្លេសាប៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print