ខេត្តព្រៃវែង៖ ស្ទើរជារៀងរាល់ថ្ងៃមានសត្វស្លាបប្រភេទអានៀលខ្ចង ក្រៀលខ្ចង កុក ទុង រាប់ពាន់ក្បាលមកចុះសុីចំណីនៅកណ្ដាលវាលស្រែរបស់កសិករ ត្រង់ ចំណុចភូមិ-ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយជាង៤គីឡូ ម៉ែត្រពីទីតាំងមណ្ឌលអភិរក្សធនធានធម្មជាតិ បឹងស្នេហ៍ព្រៃព័ន្ធតាឡី ដែលមើល ទៅអាចទាក់ទាញភ្ញៀវទេសចរឲ្យឈប់រថយន្តគយគន់ហ្វូងសត្វស្លាបដ៏កម្រទាំងនេះយ៉ាងគាប់ភ្នែក ។
ប្រជាកសិកររសើរនៅភូមិបាបោងបាន ឲ្យដឹងថា សត្វបក្សីទាំងនេះតែងតែហោះ ហើរជាហ្វូងៗមកចុះតាមវាលស្រែ ដែល ពួកគាត់កំពុងភ្ជួររាស់ធ្វើស្រូវនារដូវវស្សា នេះ គឺស្របពេលដែលទឹកកំពុងឡើង សន្សឹមៗដែលពីមុនមកមិនធ្លាប់មានទេ ។ តែ ឥឡូវនេះវាមកពពាក់ពពូននៅទីនេះយ៉ាង ច្រើនជាហេតុធ្វើឱ្យមនុស្សភ្ញាក់ផ្អើលនឹង វត្តមានពួកវារហូតអ្នកដំណើរឆ្លងកាត់ទ្រាំ ឈប់មើលមិនបានក៏ចុះថតយករូបភាព មើលទៅគួរឲ្យចម្លែកដែរព្រោះសត្វទាំងនេះមានពណ៌ ស និងចម្រុះពណ៌ផ្សេងទៀត ដោយមើលពីចម្ងាយប្រៀបដូចគេបាច សំឡីកណ្តាលវាលស្រែ ។
លោក ប៉ាន់ យន មន្ត្រីអង្គការ WOMEN នៅមណ្ឌលអភិរក្សធនធានធម្មជាតិ និង ទេសចរណ៍ បឹងស្នេហ៍ ព្រៃព័ន្ធតាឡីបាន ឱ្យដឹងថាបឹងដែលអង្គការ លោកកំពុង អភិរក្សមានទំហំ៨០ហិកតាមានអ្នកប្រចាំការ៥នាក់ជារៀងរាល់ថ្ងៃតែងតែចុះល្បាត ជាប្រចាំមិនថា ពេលព្រឹកពេលថ្ងៃឬ ពេល យប់ឡើយមិនឲ្យមនុស្សម្នាប្រមាញ់សត្វស្លាបទាំងនេះឡើយ ។
ទោះបីជាមានភ្លៀងផ្គរ ក៏ក្រុមលោក សហការជាមួយក្រុមសមត្ថកិច្ចចុះត្រួតពិនិត្យដែរ ព្រោះខណៈមេឃកំពុងមានភ្លៀងជា ឱកាសអ្នកប្រព្រឹត្តបទល្មើសលួចទាក់ បាញ់ ចាប់សត្វ និងនេសាទពួកវា ។
លោកប៉ាន់ យន បញ្ជាក់ថា កាលពី ឆ្នាំ២០១៤កន្លងទៅ យើងបានបង្ក្រាបអ្នកដើរប្រមាញ់សត្វ និងចាប់ពស់យកទៅ អប់រំណែនាំឱ្យគាត់យល់ពីច្បាប់ដែនអភិ រក្ស និងចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០១៦នេះមិនមានបទល្មើសដូចជា ចាប់សត្វ ឬនេសាទត្រីនៅឡើយទេ ។ ការ អភិរក្សសត្វស្លាបនេះទៀតសោត គឺអង្គការ របស់លោកអភិរក្សមានដូចជាសត្វក្រៀល ខ្ចង អានៀលខ្ចង កុក ទុង ទាទឹក លលក ។ល។ ដែលសរុបទាំងអស់ គឺមានចំនួន ជាង២ម៉ឺនក្បាល ហើយបើសរុបទាំងសត្វស្លាបបាននិងបម្លាស់ទីមកកាន់បឹងស្នេហ៍នេះ មានចំនួនមិនក្រោមពី១០ម៉ឺនក្បាលទេ ដែលនេះជាផ្នែកមួយសម្រាប់ទាក់ទាញ វិស័យភ្ញៀវទេសចរណ៍ផងដែរ ៕
ដោយ៖ ប្រាថ្នា