ខេត្តព្រះសីហនុ៖ ក្រោយពីបង្ក្រាប Online scams នៅចំណុចកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ភាមក នៅថ្ងៃទី៣០ ខែឧសភា នេះ សមត្ថកិច្ចជំនាញបានបង្ហាញលទ្ធផលស៊ើបអង្កេតស៊ីជម្រៅលើវត្ថុតាងពាក់ព័ន្ធ ដោយសម្រេចបញ្ជូនបញ្ជូនមេខ្លោងជន ជាតិចិន ៤នាក់ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
យោងតាមរបាយការណ៍បិទបញ្ចប់ការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមេខ្លោងជនជាតិចិនទាំង៤នាក់នេះ គឺ ១-ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ មុខរបរថៅកែកាស៊ីណូយីងហ័ង ២-ឈ្មោះ DENG HUI អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ៣-ឈ្មោះ WANG YU អាយុ៣៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងសន្ដិសុខកាស៊ីណូយីងហ័ង និង៤-ឈ្មោះ XU CHONG BAO ហៅក្រៅ WEN BO អាយុ២៩ឆ្នាំ មុខរបរ មេក្រុម បុគ្គលិកអនឡាញ ។ ជនសង្ស័យខាងលើត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសធំៗ ដូចជា ការរៀបចំ និងដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា,កាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ ,រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ។
វត្ថុតាងដកហូតពីការបង្ក្រាប នៅចំណុចកាស៊ីណូ «យីងហ័ងនេះ រួមមាន៖ កុំព្យូទ័រ ចំនួន៩២៥ គ្រឿង,អាវុធខ្លី ១ដើម ម៉ាក LOCK 19 ពណ៌ខ្មៅលេខ X4YKZG 1YS01-2202043 , បង់ចំនួន១ ,គ្រាប់ចំនួន១០គ្រាប់ (ជាន់ទី១៣ ផ្លុងចោល) , ថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (MET) ទម្ងន់សុទ្ធ ១៥.០៥ ក្រាម -ប្រភេទម្សៅពណ៌ទឹកក្រូច អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ២២០.៧៧ ក្រាម -ប្រភេទម្សៅពណ៌ស កេតាមីន (KET) ទម្ងន់សុទ្ធ ១៣៩.៤៨ ក្រាម និងវត្ថុតាងមួយចំនួនទៀត។
រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ដ ឲ្យកម្លាំងជំនាញបញ្ជូនជនសង្ស័យចំនួន ៦០នាក់ ភេទប្រុស ជនជាតិចិន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខេត្ដតាកែវ ដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «យីង ហ័ង» នៅខេត្តព្រះសីហនុ ក្រោយរកឃើញពាក់ព័ន្ធនឹង Online Scams រក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់ផងដែរ៕










