ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់អណ្ដូងទឹកចំនួន៥ ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីនៅស្រុកវាលវែង (ថ្មដា) ខេត្តពោធិ៍សាត់។
ជាមួយនិងការផ្តល់ជូននូវអណ្ដូងទឹកនេះ លោក អ៊ុច បូររិទ្ធ ក៏បានប្រគល់សម្ភារប្រើប្រាស់មួយចំនួនជូនដល់វីរយុទ្ធជន និងក្រុមគ្រួសាររបស់វីរយុទ្ធជនប្រមាណ ៥០០គ្រួសារផងដែរ ដោយបានពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករឭកដ៏កក់ក្តៅពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះស្មារតីអង់អាចក្លាហាន និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់វីរយុទ្ធជនក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងផ្សារភ្ជាប់ជានិច្ចជាមួយវីរកងទ័ពជួរមុខ ក្នុងការការពារទឹកដីជាមួយគ្នានឹងការខិតខំស្វះស្វែងរិះរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន តាមរយៈយន្តការអហិង្សា និងការទូត។
លោកប្រធានស្តីទីព្រឹទ្ធសភាថ្លែងថា៖ «ថ្ងៃនេះ ជាថ្មីម្តងទៀត វត្តមានរបស់យើងខ្ញុំទាំងអស់គ្នា ជាការបញ្ជាក់ជូនបងប្អូនអំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក៏ដូចជាបងប្អូននៅទូទាំងប្រទេស ទោះក្នុងកាលៈទេសៈណាក៏ដោយក្នុងការរួមសុខ រួមទុក្ខជាមួយវីរយុទ្ធជនដ៏អង់អាចក្លាហាន ក្នុងការការពារទឹកដីមាតុភូមិរបស់យើង»។ ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា «សកម្មភាពឈ្លានពាននាពេលកន្លងទៅ បានប្រែក្លាយជាកម្លាំងចលករជំរុញការលើកកម្ពស់ស្មារតីសាមគ្គី ឯកភាពជាតិរឹងមាំខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដីកម្ពុជា»។
តំណាងឱ្យបណ្តាអង្គភាពទ័ពនៅក្នុងភូមិភាគ ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ថាវរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុច បូររិទ្ធ និងគណៈប្រតិភូ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លាជូនអង្គភាព និងបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចធិបតី កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ និងបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា៕ ដោយ សំរិត










