សម្តេចតេជោ ហ៊ុន សែន បន្តជំរុញមន្រ្តីទាំងអស់ឱ្យបន្តរក្សានូវស្ថិរភាពជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់សង្គមទប់ស្កាត់ទង្វើបង្កចលាចលនានាក្នុងសង្គម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តពោធិ៍សាត់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តពោធិ៍សាត់ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាពហើយសម្ដេចក៏បានជំរុញនិងគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារនិងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីធានាបាននូវចំណូលថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា ហើយសម្តេចតេជោបានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមសម្ដេចជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិនិងទឹកដី ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់ពួកគាត់តាមរយៈការចុះសួរសុខទុក្ខនិងបង្កើតកម្មវិធីផ្សេងៗដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅ។

សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីទាំងអស់ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយសម្ដេចក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋានទប់ស្កាត់ការបំផ្លិចបំផ្លាញនិងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print