ខេត្តកណ្តាល÷នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី កម្លាំងផែនការងារអន្តោ ប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះអនុវត្តការងារផ្សព្វផ្សាយ និងត្រួតពិនិត្យជនបរទេសក្នុងមូលដ្ឋាន។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ម៉ិល ម៉ារឌី អភិបាលរងស្រុក តំណាងលោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ និងសហការី ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ, លោកវរសេនីយ៍ទោ នៅ ឡាង អធិការរងទទួលផែនការងារអន្តោប្រវេសន៍, លោកវរសេនីយ៍ទោ គង់ សុផារី អធិការរងទទួលផែនអត្តសញ្ញាណកម្ម, លោកវរសេនីយ៍ត្រី សំ សារី សុជាតា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ និងលោកវរសេនីយ៍ត្រី សឿន ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។
ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ និងប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងការពិន័យអន្តរការណ៍។
ជាមួយគ្នានេះ ក្រុមការងារបានចុះត្រួតពិនិត្យ ធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស (FPCS) នៅចំនួន ៤ទីតាំង ដោយរកឃើញជនបរទេសសរុបចំនួន ៣៥នាក់ ស្រី ១១នាក់ សុទ្ធសឹងជាជនជាតិចិន។
ទីតាំងទី១៖ រោងចក្រ អេចស៊ីដា ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានជនជាតិចិនចំនួន ១៥នាក់ ស្រី ៤នាក់។
ជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ មានសុពលភាព និងចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិភ្នំពេញ ដើម្បីរស់នៅ និងបំពេញការងារ។
ទីតាំងទី២៖ រោងចក្រ វ៉ាន់ស៊ីង នីតធីង ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានជនជាតិចិនចំនួន ១៦នាក់ ស្រី ៧នាក់។
លិខិតឆ្លងដែន និងទិដ្ឋាការរបស់ជនបរទេសទាំងអស់នៅមានសុពលភាព និងចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិភ្នំពេញ ដើម្បីរស់នៅ និងធ្វើការ។
ទីតាំងទី៣៖ សិប្បកម្មកែច្នៃខ្សែភ្លើង ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានជនជាតិចិនចំនួន ៤នាក់។
ពិនិត្យឃើញថា លិខិតឆ្លងដែន និងទិដ្ឋាការនៅមានសុពលភាព និងបានចូលមកប្រទេសកម្ពុជាដោយស្របច្បាប់ ដើម្បីរស់នៅ និងបំពេញការងារ។
ទីតាំងទី៤៖ ផ្ទះប្រជាពលរដ្ឋដែលសង្ស័យជួលឱ្យជនបរទេសស្នាក់នៅ ក្រុមការងារបានចុះត្រួតពិនិត្យជាក់ស្តែង ហើយជាលទ្ធផលពុំរកឃើញមានការជួលផ្ទះឱ្យជនបរទេសស្នាក់នៅដូចការសង្ស័យនោះឡើយ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យ ពុំបានរកឃើញបទល្មើស ឬភាពមិនប្រក្រតីពាក់ព័ន្ធនឹងការស្នាក់នៅ និងការងាររបស់ជនបរទេសឡើយ៕










