លោក សែ សុឃន ជំរុញ “វិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា”

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត “វិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា” នៅសាខាគយនិងរដ្ឋាករខេត្តតាកែវ។ ក្នុងដំណើរនេះ លោកអគ្គនាយករង អមដោយលោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ និងលោក ទន់ ចាន់ធី អនុប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ទទួលបន្ទុកការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅច្រករបៀងមួយចំនួន ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត និងស្រុកគិរីវង្ស ខេត្តតាកែវ។ បន្ទាប់មក លោកអគ្គនាយករងបានប្រជុំជាមួយតំណាងរដ្ឋបាលខេត្ត ស្នាក់ការនគរបាលអន្តោប្រវេសន៍ ជើងសាគយ និងអាជីវករនាំចូល-នាំចេញតាមមាត់ច្រកទ្វារអន្តរជាតិភ្នំឌិន ដើម្បីផ្សព្វផ្សាយនិងពិភាក្សាអំពីការអនុវត្តវិធានការមុតស្រួច រួមទាំងការពង្រឹងកិច្ចសហការក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ។

ក្នុងកិច្ចប្រជុំនេះ លោកអគ្គនាយករងបានគូសបញ្ជាក់ពីភាពចាំបាច់ នៃការចូលរួមអនុវត្តវិធានការនេះពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអង្គភាពគយ អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ជើងសាគយ និងអាជីវករ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូល-នាំចេញ និងទប់ស្កាត់បទល្មើសគយ។ លោកអគ្គនាយករងក៏បានលើកឡើងថា វឌ្ឍនភាពសំខាន់មួយនៃការអនុវត្តវិធានការមុតស្រួច គឺការរំសាយទីតាំងឈរជើងនានារបស់បណ្តាសាខាគយនិងរដ្ឋាករខេត្ត ដែលបានចូលរួមពង្រឹងតម្លាភាព និងកិច្ចសម្រួលពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកអគ្គនាយករងបានផ្តល់ការណែនាំដល់សាខាគយនិងរដ្ឋាករខេត្តតាកែវ ការិយាល័យគយនិងរដ្ឋាករភ្នំឌិន និងជើងសាគយ/អាជីវករពាក់ព័ន្ធ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
១. មន្ត្រីគយត្រូវផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងអនុលោមតាមកម្រៃផ្លូវការ។
២. មន្ត្រីគយត្រូវជំរុញការទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់គេចពន្ធ ជាពិសេសសាខាគយនិងរដ្ឋាករខេត្តតាកែវត្រូវចាត់កម្លាំងប្រចាំការទប់ស្កាត់ការរត់គេចពន្ធ នៅតាមច្រករបៀង ដូចជា ច្រកព្រៃយុថ្កា ច្រកកំណប់ និងច្រកព្រៃតាម៉ៅ ជាដើម។
៣. ជើងសាគយ/អាជីវករត្រូវចូលរួមបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលឱ្យបានត្រឹមត្រូវ ស្របតាមយថាប្រភេទ និងបរិមាណទំនិញ។
៤. សាខាគយនិងរដ្ឋាករខេត្ត ព្រមទាំងការិយាល័យគយនិងរដ្ឋាករមាត់ច្រក ត្រូវបន្តផ្សព្វផ្សាយវិធានការមុតស្រួចឱ្យបានទូលំទូលាយបន្ថែមទៀត។

ជាចុងក្រោយ លោកអគ្គនាយករងបានស្នើសុំកិច្ចសហការជិតស្និទ្ធពីរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគាំទ្រដល់ការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រីគយ ព្រមទាំងចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសគយឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបរិយាកាសពាណិជ្ជកម្មប្រកបដោយសមធម៌ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print