ភ្នំពេញ ៖ តាមរយះសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ក្នុងស្មារតីនេះ សូមធ្វើការអំពាវនាវដូចតទៅ៖
១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចការពារកុមារ ជាមួយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។
២- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវ ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការ សកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
៣- ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវ សហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា។
៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងបរទេស ត្រូវយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ និងមានការចូលរួមមតិយោបល់ពីកុមារ រាល់ពេលកសាងច្បាប់ គោលនយោបាយ ឯកសារបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់កុមារ។
៥- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តតាមដាននិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ អនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ តាមរយៈ ការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃ ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចការងារ ដើម្បីធានាលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ព្រមទាំងកៀរគរធនធាន និងចលនា សាធារណជនក្នុងការកំណត់វិធានការដោះស្រាយបញ្ហាពលកម្មកុមារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
៦- បន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ លើមុខសញ្ញាស្ត្រី មានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា មធ្យមសិក្សា ជនជាប់ឃុំជាស្ត្រី មានផ្ទៃពោះ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ ព្រមទាំងរៀបចំអនុវត្តកម្មវិធីគាំពារសង្គម និងកម្មវិធីពិសេស ជូនគ្រួសារជនភៀសសឹកដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រថៃឈ្លានពានមកលើកម្ពុជា។
៧- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារ ក្លាយជាជនរងគ្រោះ៕
ដោយ ៖ សិលា










