ភ្នំពេញ ៖ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ សម្តេចមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ។ ជាលទ្ធផល អត្រាមរណភាពរបស់មាតា កុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាព ទារក បានការថយចុះគួរឱ្យកត់សម្គាល់ ដែលនេះគឺជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀត ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកប ដោយសមធម៌និងបរិយាបន្ននៅគ្រប់ភូមិសិក្សា ជាពិសេស ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ព្រមទាំងដាក់ ចេញនូវវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំ គ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ កិច្ចការពារកុមារនៅតាមសាលារៀននិងការអប់រំបែបវិជ្ជមាន ត្រូវបានអនុវត្ត យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់។ លើសពីនេះ រាជរដ្ឋាភិបាលបានជំរុញការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងកាត់បន្ថយ ភាពក្រីក្រឱ្យបានជាអតិបរមា។ ជាក់ស្តែង កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានផ្តល់ការគាំពារ យ៉ាងសកម្មដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ រួមមានការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុម អាយុក្រោម២ឆ្នាំ អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ ការឧបត្ថម្ភ សាច់ប្រាក់ជូនដល់ជនមានពិការភាព ជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងការឧបត្ថម្ភសមាជិកគ្រួសារ ជាអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីជាតិ ជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១,៥លាននាក់ ក្នុងគោលដៅ «យុវជនម្នាក់មានជំនាញមួយ ប្រចាំជីវិត» ក្រោមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ កម្មវិធីជាតិគាំពារសង្គម គឺជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ផ្តល់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយឡែក លើកកម្ពស់ជីវភាពនិងការពារក្រុមងាយរងគ្រោះតាមប្រព័ន្ធជំនួយសង្គមនិងសន្តិសុខសង្គម។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ដល់កុមារ និង គ្រួសារ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែន ដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាព ទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព និងកុមារអាចបន្តការសិក្សារៀបសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹក ក៏ដោយ ៕
ដោយ ៖ សិលា










