ភ្នំពេញ ៖ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ! រាជរដ្ឋាភិបាលបាននិងបន្តយកចិត្តទុកដាក់លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈការដាក់ចេញនូវអនុសាសន៍គន្លឹះ១០ចំណុច រួមមាន (១) ការកំណត់ប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ (២) ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម (៣) កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ (៤) ការជំរុញ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង (៥) ការឧបត្ថម្ភថវិកាដល់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ (៦) ការជំរុញយុទ្ធនាការសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ (៧) ការបង្កើតទារកដ្ឋាននិងមត្តេយ្យ សហគមន៍នៅតាមតំបន់ដែលមានរោងចក្រ (៨) ការកែលម្អកន្លែងហូបបាយឬអាហារដ្ឋាននៅតាមរោងចក្រ (៩) ការផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និង(១០) កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ សំដៅបន្ត លើកកម្ពស់លក្ខខណ្ឌការងារនិងបង្កើនប្រាក់ចំណូល សិទ្ធិសេរីភាព និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ កិច្ចគាំពារសង្គម និងអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គម និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជូនបងប្អូន កម្មករនិយោជិតនិងក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មក្នុងទំនាក់ទំនង វិជ្ជាជីវៈ និងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ដោយកំណត់លក្ខណវិនិច្ឆ័យ «មិនមានការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» ជាវិញ្ញាបនបត្រអនុលោមភាពមួយសម្រាប់ជាលក្ខខណ្ឌកំណត់ថា សហគ្រាសមួយ អាចទទួលបានពានសហគមន៍សុខសាន្តប្រចាំឆ្នាំ៕
ដោយ ៖ សិលា










