ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាពិភលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ សម្តេចបញ្ជាក់ថា ៖ អនុលោមតាមសេចក្តីថ្លែងការណ៍របស់សន្និសីទសកលលើកទី៦ ស្តីពីការលុបបំបាត់ពលកម្មកុមារ ដែលប្រារព្ធឡើងនៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុក ក្រោមប្រធានបទ «ការងារសមរម្យសម្រាប់យុវជន» ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តប្តេជ្ញាចិត្តកម្រិតខ្ពស់ក្នុងកិច្ចសហការជាមួយអង្គការអន្តរជាតិ ខាងការងារនិងភាគីពាក់ព័ន្ធ សំដៅលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង តាមរយៈ កិច្ចសន្ទនាសង្គម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំង ការអនុវត្តយ៉ាងម៉ឺងមាត់នូវគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារនិងពលកម្មដោយបង្ខំ» តាមរយៈ យន្តការថ្នាក់ជាតិនិងការបំពាក់ជំនាញដល់យុវជនឱ្យទទួលបានការងារដែលមានផលិតភាពនិងចីរភាព ដើម្បីឆ្លើយតបចំពោះតម្រូវការទីផ្សារការងាររបស់យុវជនវ័យក្មេង តាមរយៈការបណ្តុះបណ្តាលជំនាញ បង្កើតមុខរបរនិងឱកាសការងារ។ ការចូលរួមក្នុងសន្និសីទនេះ កម្ពុជាបានបន្តគាំទ្រចំពោះការប្តេជ្ញាចិត្តរួមគ្នា របស់បណ្តាប្រទេសលើសកលលោក ក្នុងការលុបបំបាត់ពលកម្មកុមារឱ្យធ្លាក់ដល់អត្រាសូន្យ។
បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការថែរក្សានិងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហារបស់កុមារ ដែលកំពុង ប្រឈមនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ អំពើទាំងអស់នេះ មិនត្រឹមតែបំផ្លាញ សេចក្តីសុខរបស់កុមារប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់អនាគតនៃសេដ្ឋកិច្ចនិងធនធានមនុស្ស នៅកម្ពុជាផងដែរ។
ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ គឺជាត្រីវិស័យតម្រង់ទិស ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះបញ្ហា ពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព ២០១៥-២០៣០។
សម្តេចធិបតី សូមណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណី កុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។
សម្តេចសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់ សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ៕
ដោយ ៖ សិលា










