រយៈពេល៥ខែឆ្នាំនេះ! ភ្ញៀវទេសចរបរទេសចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ៣៥ម៉ឺននាក់, ទទួលបានចំណូលជាង ១៧លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​ បើយោងតាមរបាយការណ៍​របស់​គ្រឹះ​ស្ថាន​អង្គរចេញផ្សាយនៅថ្ងៃចន្ទទី ០១ ខែមិថុនា​ ឆ្នាំ​២០២៦​នេះ​ បានបង្ហាញថា​ កម្ពុជា​រក​ចំណូល​បាន​ជាង ១៧,២ លានដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ​នៅ​ក្នុង​រយៈពេល ៥ ខែ (មករា-ឧសភា) ២០២៦ ធ្លាក់ចុះជិត ៣០% ធៀបនឹងរយៈ​ពេល​ដូចគ្នា ​នៅ​ឆ្នាំ ២០២៥។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ​គិតចាប់ពីខែមករា ​ដល់ខែឧសភា ២០២៦ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង​ ៣៥ ម៉ឺននាក់​ (៣៥៩ ៤៧១)​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណី​យ​ដ្ឋាន​អង្គរ​​ដែល​នាំ​ឱ្យ​កម្ពុជា​រកចំណូល​បាន​ជាង ​១៧ ២០៤ ៣២២ ​ដុល្លារ ​ធ្លាក់​ចុះ ​២៩,៩៨%​។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍អង្គរ​ខេត្តសៀម​រាប លោក ខៀវ ធី​ បានមានប្រសាសន៍​ថា​ ​បញ្ហា​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ​ និង​ការបារម្ភពីការឆបោកអនឡាញបាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ក្នុងខេត្ត​សៀម​រាប​ធ្លាក់​ចុះ​។ ​

ជាមួយគ្នានេះ​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ​លោក ធួន ស៊ីណាន បានយល់ឃើញថា​ កម្ពុជា​រង​សម្ពាធធ្ងន់​ធ្ងរ​កាលពីឆ្នាំមុន ​បន្ទាប់ពីជំងឺកូវីដ១៩ ​ដោយសារ​ការចោទប្រកាន់​ពី​ការ​ឆ​បោក​អនឡាញ​ ​និង​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ។​ 

បន្ថែមពីនេះ​ លោក ស៊ីណាន បានបន្តថា​ «ភូមិសាស្ត្រនយោបាយកំពុងកើតមាន​ឡើងនៅលើពិភព​លោក​ ពិភព​លោក​ អ្វីក៏អាចកើតមានឡើង​គ្រប់​ពេល​វេលា ​យើងអត់ដឹងថា ​តើថ្ងៃស្អែកមានអ្វីកើត​ឡើង»។

យោងតាមគ្រឹះស្ថានអង្គរ ​នៅឆ្នាំ ​២០២៥ កម្ពុជា​រកចំណូលបានជិត​ ៤៥ លានដុល្លារ ​ពីការលក់​សបុត្រ​ចូល​ទស្សនារមណីយដ្ឋានអង្គរ ​ធ្លាក់ចុះ ​៦,៥១% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤៕​ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print