ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០២៦ នេះថា បុរសម្នាក់ដែលជាប់ចោទករណីឃាតកម្មកាលឆ្នាំ២០១៣ ត្រូវបានកម្លាំងនគរបាលស្រុកអង្គរបុរីអនុវត្តដីកាចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួនរយៈពេល១៣ឆ្នាំ។
ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្រប សម្រួលនីតិវិធីច្បាប់ពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ, លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន០២នាក់ មានដូចខាងក្រោម÷
១- ជនជាប់ចោទ ឈ្មោះ សៅ សារុន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មិនពិតប្រាកដ) មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ពីបទឃាតកម្មប្រព្រឹត្តនៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៣ តាមដីកាលេខៈ ២៤២/២០១៩ ចុៈថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តតាកែវ ។
២- ជនជាប់ចោទ ឈ្មោះ ផាន់ មិថុនា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ពីបទ : (អំពើលួច) ប្រព្រឹត្តនៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តាមដីកាលេខៈ ១៤២”ដ”/២០២៥ ចុៈថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តតាកែវ។
បច្ចុប្បន្ន កម្លាំងជំនាញបញ្ជូនខ្លួនជនជាប់ចោទទាំង០២នាក់ខាងលើទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕










