ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ “ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនមែនគ្រាន់តែជាការកែតម្រូវព័ត៌មានមិនពិតបន្ទាប់ពីវាបានរីករាលដាលប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការកសាងសង្គមដែលមានចំណេះដឹង លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ពង្រឹងអក្ខរកម្មឌីជីថល និងធានាឱ្យពលរដ្ឋទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន និងទាន់ពេលវេលា។
ក្នុងន័យនេះ ព័ត៌មានក្លែងក្លាយប្រៀបដូចជាអាហារពុល។ ប្រសិនបើមនុស្សបរិភោគអាហារគ្មានសុវត្ថិភាព វាអាចបង្កជំងឺធ្ងន់ធ្ងរដល់រាងកាយ។ ដូចគ្នានេះដែរ ប្រសិនបើសង្គមទទួលយកព័ត៌មានមិនពិត ព័ត៌មានបំភាន់ ឬព័ត៌មានដែលបង្កការយល់ច្រលំ វាអាចបង្កជំងឺធ្ងន់ធ្ងរដល់សង្គម។ វាអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ បំបែកបំបាក់សហគមន៍ បង្កការភ័យខ្លាច បំផ្លាញស្ថាប័ន និងប៉ះពាល់ដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សុខភាពសាធារណៈត្រូវការសុវត្ថិភាពអាហារ ដូច្នេះ សុវត្ថិភាពព័ត៌មាន ក៏ត្រូវការការទទួលខុសត្រូវរួមផងដែរ។ រាជរដ្ឋាភិបាល ស្ថាប័នផ្សព្វផ្សាយ អ្នកសារព័ត៌មាន វេទិកាឌីជីថល អ្នកអប់រំ អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធានាថា ព័ត៌មានដែលយើងផលិត ចែករំលែក និងទទួលយក ត្រូវមានភាពត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវ និងមានប្រយោជន៍ចំពោះសង្គម។
លោករដ្ឋមន្ត្រី បានគូសបញ្គាក់ថា នៅកម្រិតតំបន់ អាស៊ានបានទទួលស្គាល់ជាយូរមកហើយអំពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ។ តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន (AMRI) អាស៊ានបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មានភាន់ ច្រឡំ និងព័ត៌មានមិនពិត និងតាមរយៈក្របខណ្ឌ និង សេចក្តីប្រកាសរួម ស្តីពីការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងគុណតម្លៃស្នូលនៃអក្ខរកម្មឌីជីថលសម្រាប់អាស៊ាន។ ថ្មីៗនេះ កិច្ចប្រជុំ AMRI ក៏បានបន្តសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការបំប្លែងព័ត៌មានទៅជាចំណេះដឹង ការពង្រឹងភាពធន់ និងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនអាស៊ាន៕ ដោយ៖តារា
រូបភាព៖AKP










