ភ្នំពេញ៖ ដើម្បីបង្ការទប់ស្កាត់បទល្មើស (ONLINE SCAMS) អាជ្ញាធរខណ្ឌបឹងកេងកង ចុះរដ្ឋបាលតាមអគារស្នាក់នៅ ខុនដូ អាផាតមិនជួល និង សណ្ឋាគារ ចំនួន ០៥ទីតាំង ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាក់ស្តែងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
បើតាមអភិបាលខណ្ឌបឹងកេងកង លោក សុខ សម្បត្តិ បានឱ្យដឹងថា ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង មានសរុបចំនួន ០៥ ទីតាំង ជាលទ្ធផលបានរកឃើញជនបរទេសចំនួន ៣៣៧ នាក់ (ស្រី ១៣៥ នាក់) មានឯកសារត្រឹមត្រូវចំនួន ៣៣៧ នាក់។
បន្ថែមពីនេះ លោក សុខ សម្បត្តិ ក៏បានបញ្ជាក់ដែរថា ក្រុមការងារត្រួតពិនិត្យ មិនបានរកឃើញមានទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការប្រើប្រាស់គ្រឿងញៀននោះឡើយ ៕ដោយ៖តារា










