ខេត្តបាត់ដំបង៖ បុរសម្នាក់បានបង្កការភ្ញាក់ផ្អើល និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងផ្ទះជួលមួយកន្លែង ក្រោយពីអះអាងខ្លួនថាជាមន្ត្រីសមត្ថកិច្ច ហើយបានដកអាវុធខ្លីបង្ហាញ និងគំរាមកំហែងទៅលើអ្នក ជិតខាង បង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងមូលដ្ឋាន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង ៤៥នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា ជន សង្ស័យបានបោះពាក្យសម្ដីអះអាងថាខ្លួនជាសមត្ថកិច្ច មុននឹងដកកាំភ្លើងខ្លីម៉ាក 59 មួយដើម ដែលមានគ្រាប់ក្នុងបង់ចំនួន ៥គ្រាប់ បង្ហាញ និងធ្វើសកម្មភាពគំរាម កំហែងទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះជួលជាមួយគ្នា។
ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា ឬហេតុការណ៍អាក្រក់ណាមួយដែលអាចប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក 59 ចំនួន ១ដើម រួមជាមួយគ្រាប់កាំភ្លើងចំនួន ៥គ្រាប់ ដែលជនសង្ស័យបានប្រើប្រាស់ក្នុងការគំរាមកំហែង។
ប្រភពដដែលបានបញ្ជាក់ថា សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់អត្តសញ្ញាណ និងស្ថានភាពពិតប្រាកដរបស់ជនសង្ស័យ ថាតើជាមន្ត្រីសមត្ថកិច្ចពិតប្រាកដ ឬគ្រាន់តែជាការអះអាងក្លែងក្លាយ ក្នុងគោលបំណងបង្កការគំរាមកំហែងដល់អ្នកដទៃ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អង្គភាពជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










