ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX300 ក្នុងល្បឿនលឿន មិនប្រយ័ត្នធ្វើឱ្យជ្រុលចង្កូតឡើងលើខឿនសួនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកLexus RX300 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BH-9719 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ១៦៩ក្នុង ទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូតជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ










