ក្រុមហ៊ុន Ford Motor នឹងប្រកាសប្រមូលរថយន្តជិត 420,000 គ្រឿងនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាខ្សែក្រវាត់សុវត្ថិភាព។ នេះបើតាមការប្រកាសរបស់និយ័តករសុវត្ថិភាពយានយន្តអាមេរិក(NHTSA)នៅថ្ងៃពុធ។
ការប្រមូលរថយន្តនេះគ្របដណ្តប់លើរថយន្តម៉ូដែល Ford Expedition និង Lincoln Navigator មួយចំនួន ដែលផលិតក្នុងចន្លោះឆ្នាំ 2018 ដល់ 2022 សរុបចំនួន 419,967 គ្រឿង។
តាមការបញ្ជាក់របស់ NHTSA ខ្សែក្រវាត់សុវត្ថិភាពអាចមិនរមូរចូល ឬទាញចេញបានត្រឹមត្រូវ ដែលអាចធ្វើឱ្យវាមិនអាចការពារអ្នកដំណើរបានដូចការរចនាទុក និងបង្កើនហានិភ័យរបួសនៅពេលមានគ្រោះថ្នាក់ចរាចរណ៍។
បញ្ហានេះកើតឡើងនៅផ្នែកខ្សែក្រវាត់សុវត្ថិភាព នៃកៅអីអ្នកបើកបរ និងកៅអីអ្នកដំណើរខាងមុខ។ ប្រព័ន្ធនេះអាចចាក់សោខ្សែក្រវាត់ដោយចៃដន្យ ដែលរារាំងមិនឱ្យខ្សែក្រវាត់រមូរចូល ឬទាញចេញបានត្រឹមត្រូវ។
ជាវិធានការដោះស្រាយ NHTSA បាននិយាយថា ភ្នាក់ងារចែកចាយរបស់ Ford នឹងត្រួតពិនិត្យឧបករណ៍រមូរខ្សែក្រវាត់សុវត្ថិភាព (seat belt retractors) និងជំនួសឱ្យថ្មីប្រសិនបើចាំបាច់ ដោយ មិនគិតថ្លៃ ចំពោះម្ចាស់រថយន្ត។
ការប្រមូលរថយន្តនេះគឺជាវិធានការបង្ការសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យនៃការរងរបួសធ្ងន់ធ្ងរ ក្នុងករណីមានការប៉ះទង្គិច ឬគ្រោះថ្នាក់ចរាចរណ៍៕










