ខេត្តព្រះសីហនុ÷នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
-កុំព្យូទ័រ ចំនួន ១០ គ្រឿង
-ទូរស័ព្ទដៃ ចំនួន ១៣៣ គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១២នាក់ (ស្រី ១នាក់) ដែលទាំងអស់គ្នាជាជនជាតិចិន។
បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕










