ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានបុរសម្នាក់ដឹកយកមកដេកនៅផ្ទះសំណាក់រយៈពេល២ថ្ងៃ ហើយត្រូវគេសង្ស័យថាបុរសរូបនោះដាក់ថ្នាំយកទ្រព្យសម្បត្តិ រួចជិះម៉ូតូគេចខ្លួនទៅបាត់ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់យីហោ កោះមាស ជិតស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុគ្គលិកធ្វើការនៅផ្ទះសំណាក់ខាងលើបានឲ្យដឹងថា ស្ត្រីរងគ្រោះបានទៅជួលផ្ទះសំណាក់ ដេករយៈពេល២ថ្ងៃ ទាំងថ្ងៃកើតហេតុ។ លុះនៅវេលាម៉ោង៩យប់ ស្ត្រីខាងលើត្រូវបានបុរសដៃគូដឹកយកមកផ្ទះសំណាក់ម្តងទៀត។ លុះម៉ោងប្រហែល១០ម៉ោង មិនដឹងថាមានបញ្ហាអ្វី បុរសជាដៃគូ បានចុះមកជិះចេញទៅបាត់ ហើយស្រាប់តែមួយសន្ទុះក្រោយ មក ក៍មានសមត្ថកិច្ចទៅដល់សួរនាំថា មានករណីដាក់ថ្នាំ និងសង្ស័យបង្ខាំងមនុស្ស ។
ករណីនេះសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចខណ្ឌ បានចុះទៅបន្ទប់របស់ស្ត្រីរងគ្រោះ តែនៅពេលសួរនាំទៅស្ត្រីខាងលើ នាងនិយាយលែងដឹងអី ហាក់បីដូចជា មនុស្សត្រូវថ្នាំរបស់គេអញ្ចឹង ។
ដោយសារតែមិនអាចសួរនាំបាននៅកន្លែងកើតហេតុ ព្រោះស្ត្រីខាងលើ និយាយលែងមិនដឹងអី ហើយក៍មិនដឹងថា បាត់ទ្រព្យសម្បត្តិឬយ៉ាងណាឲ្យប្រាកដនោះទេ ទើបសមត្ថកិច្ចសម្រេចនាំយកស្ត្រីខាងលើ ក៍ដូចជាអ្នកមើលការខុសត្រូវទៅសួរនាំ និងបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបឹងសាឡាង ជាបន្តទៀត ៕










