ភ្នំពេញ៖.លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំ នៃគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ និងសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ ២០១៨-២០២៥។ កិច្ចប្រជុំនេះទទួលបានការគាំទ្រពីអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid – NPA) កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្នាក់ការអាជ្ញាធរមីន ។
លោក ទេសរដ្ឋមន្ដ្រី លី ធុជ បាន បញ្ជាក់ថា៖ កិច្ចប្រុំនេះមានសារៈសំខាន់ដើម្បីកា ររៀបចំ ផែនការ សកម្ម ភាព៣ ឆ្នាំ ដែលជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់បម្លែងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦ – ២០៣៥ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងអាចវាស់វែងលទ្ធផលបាន។ ផែនការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតប និងគាំទ្រដល់បេសកកម្មមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបង្កឡើងដោយមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់សុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន។ ផែនការសកម្ម ភាព៣ឆ្នាំនេះ នឹងជួយពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធានទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈ បច្ចេកទេស និងធនធានមនុស្ស ព្រមទាំងជំរុញការសម្របសម្រួល និងការបែងចែកធនធានឱ្យមាន ប្រសិទ្ធភាព សមស្រប និងឆ្លើយតបទៅនឹងអាទិភាពជាតិ។ ជាង នេះទៅទៀត លោក លី ធុជ ក៏បានណែនាំដល់អង្គប្រជុំឱ្យធ្វើការពិភាក្សា និងផ្តល់ធាតុចូលប្រកបដោយគុណភាព ដើម្បីរៀបចំផែនការសកម្មភាពឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ជា យុទ្ធសាស្រ្ត ។
តំណាងឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក អាជ្ញាធរមីន លោក ទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរមីន និងអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (NPA) ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រវិស័យ សកម្មភាព មីននៅកម្ពុជា ៕ ដោយ សំរិត










